រាជរដ្ឋាភិបាលចំណាយថវិកាអស់ជាង១.០០០លានដុល្លារ ទប់ទល់នឹងវិបត្តិកូវីដ១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
MC: យ៉ាងហោចណាស់ថវិកាប្រមាណជាង១.១៦៤លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលចំណាយ សម្រាប់គ្រប់គ្រង និងស្តារសេដ្ឋកិច្ច ក្នុងអំឡុងពេលជួបវិបិត្តដោយការរាតត្បាតនៃជំងឺកូវីដ-១៩ជាសកល។
បើតាមការបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសន្និសីទសារព័ត៌មានស្តីពីការអន្តរាគមន៍របស់ក្រសួងចំពោះជំងឺកូវីដ-១៩ នៅថ្ងៃទី៨ កក្កដានេះ បានឱ្យដឹងថា ថវិកាប្រមាណ៥៦៤លានដុល្លារ ត្រូវបានចំណាយទៅលើការព្យាបាលជំងឺកូវីដ-១៩ និងចំណែកចំនួន៦០០លានដុល្លារទៀត ត្រូវបានចំណាយសម្រាប់រក្សាលំនឹងអាជីវកម្មរបស់វិស័យឯកជន។
ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលព្យាយាមទប់ចំណូលមិនទាន់ធ្លាក់ខ្លាំង ដើម្បីអាចមានលទ្ធភាពទ្រង់សេដ្ឋកិច្ច និងគ្រប់គ្រងទៅលើចំណាយឱ្យមានប្រសិទ្ធភាព ដោយកាត់បន្ថយចំណាយទៅលើអ្វីដែលមិនចាំបាច់ ដើម្បីយកទៅចំណាយលើអ្វីដែលចាំបាច់វិញ។
ឯកឧត្តម បន្តថា ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ហើយកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ បានទទួលរងផលប៉ះពាល់ពីជំងឺនេះ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការ ដើម្បីរក្សាលំនឹងសកម្មភាពអាជីវកម្មដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ព្រមទាំងជួយសម្រាលដល់ជីវភាពកម្មករ និយោជិត ពិសេសក្នុងវិស័យទេសចរណ៍ អាកាសចរណ៍ និងកាត់ដេរវាយនភណ្ឌ តាមរយៈការអនុគ្រោះផ្នែកសារពើពន្ធ ការអនុញ្ញាតឲ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យ ការងារ និងថែទាំសុខភាព ការលើកលែងនិងអនុគ្រោះឥណទាន ការបង្កើនសន្ទនីយភាពទៅក្នុងទីផ្សារ ជាដើម៕