អគ្គនាយកដ្ឋានគយបញ្ជាក់ថា ចំពោះរថយន្តនិងទំនិញគេចពន្ធ ដែលបានរឹបអូស នឹងត្រូវដាក់លក់ ប្រសិនបើម្ចាស់មិនចូលខ្លួនដោះស្រាយនោះទេ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

MC៖អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបញ្ជាក់ថា ចំពោះរថយន្តនិងទំនិញគេចពន្ធ ដែលបានរឹបអូស នឹងត្រូវដាក់លក់ ប្រសិនបើម្ចាស់មិនចូលខ្លួនដោះស្រាយនោះទេ ដើម្បីប្រមូលចំណូលចូលថវិកាជាតិ ។

យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួលបាន ឲ្យដឹងថ យោងច្បាប់ស្តីពីគយ និងអនុលោមតាមគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អគរ) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមប្រកាសជូនដំណឹង និងអញ្ជើញជាលើកចុងក្រោយដល់ម្ចាស់យានយន្តនិងម្ចាស់ទំនិញគេចពន្ធ ដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្តោះអាសន្នដោយរដ្ឋបាលគយសូមចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងរយៈពេលមិនលើសពី ៦០ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

ប្រភពដដែលបន្តថា ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវបំពេញលក្ខខណ្ឌដូចជា កក់ប្រាក់ចំនួន ៧០% នៃប្រាក់ពន្ធអាករ និងពិន័យដែលត្រូវបង់និងយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងនៅយាន  ដ្ឋានដែល ទទួល ស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ។  ក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃ ម្ចាស់រថយន្តត្រូវ  យក រថយន្ត ដែលបានកែចង្កូតរួចមកបង្ហាញ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច និងបង់ប្រាក់ពន្ធអាករ និងពិន័យបន្ថែម ៣០% ទៀត ដើម្បីទទួលបានបង្កាន់ដៃពន្ធយានយន្តសម្រាប់ប្រើប្រាស់  ក្នុងការចុះបញ្ជី  យានយន្តស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

សូមបញ្ជាក់ថា ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ និងពេលវេលាដូចបានរៀបរាប់ និងអនុលោមតាមបញ្ញត្តិមាត្រា ៥៤ និងមាត្រា ៥៥ នៃច្បាប់ស្តីពីគយ ទេសយានយន្តនិងទំនិញទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ ហើយអគរ នឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈតាមនីតិវិធីជាធរមាន ដើម្បីប្រមូលចំណូលចូលថវិកាជាតិ ៕