ជំនួបពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្តិ ជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ​២០២០–

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យឯកឧត្តម ផាក ហឹងយឹង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតជួយផ្សព្វ​ផ្សាយ​ពីបរិយាកាសវិនិយោគដ៏ល្អប្រសើររបស់កម្ពុជា ទៅដល់វិស័យឯកជនកូរ៉េ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ។ ជាពិសេសសម្រាប់វិស័យកែច្នៃកសិផល គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្ត ដើម្បីផ្សាភ្ជាប់ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក ក៏ដូចជាវិនិយោគលើវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យមួយដែលសាធារណរដ្ឋកូរ៉េ មានសក្ដានុពលខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងកូរ៉េ ទាំងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនយោបាយ ដែលទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានដល់ការប្រកាសចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េក្នុងពេលដ៏ខ្លីខាងមុខ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សា និងផ្លាស់​ប្តូរយោបល់គ្នាផងដែរអំពីស្ថានភាព និងការវិវត្ត នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយបានគូសបញ្ជាក់បន្ថែមទៀតថា កម្ពុជានៅតែបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយអង្គការ WTO បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច ដែលរួមមានកម្ពុជាផងដែរ ។ ឱ្យទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម និងប្រព្រឹត្តិកម្មពិសេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយអង្គការ WTO ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលពាណិជ្ជកម្មពិភពលោក៕ ដោយ៖ទេស ច័ន្ទសុធារី