សម្តេចតេជោហ៊ុនសែនអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

វិទ្យុជាតិកម្ពុជា
MC៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការអបអរសាទរខួប៣ឆ្នាំ(៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាប្រាង្គ ប្រាសាទដ៏ល្អឯកបន្សល់ពីបុព្វបុរសខ្មែរ។
តាមផេកហ្វេកប៊ុករបស់សម្តេចតេជោនៅថ្ងៃទី៨ ខែកក្កដានេះបានសរសេរឲ្យដឹងថា នៅថ្ងៃទី
ជាខួប៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។
សម្តេចតេជោបញ្ជាក់ថា ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ទាក់ទាញមួយ។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម។
គួរំលឹកថា ការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌ មិនមែនជារឿងចៃដន្យនោះទេ ព្រោះថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងភាគីពាក់ព័ន្ធ បានត្រៀមឯកសារជាច្រើន ដើម្បីដាក់ទៅអង្គការយូណេស្កូ រយៈពេលជាច្រើនឆ្នាំមកហើយ។
សូមបញ្ជាក់ថា ប្រាសាទនេះគឺជាអតីតរាជធានីឦសានបុរៈរបស់ កម្ពុជានៅមុនសម័យអង្គរ នៅចន្លោះសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៧។ជារាជធានីនៃអាណាចក្រចេនឡាមានលក្ខណៈពិសេសជាច្រើន ដែលខុសប្លែកពីប្រាសាទនានា។ តួប្រាសាទរបស់ប្រាសាទនេះ ភាគច្រើនកសាងអំពីឥដ្ឋ និងមានតួរហូតទៅដល់ ៨ ជ្រុង ដែលមិនមានទេក្នុងសិល្បៈខ្មែរសម័យក្រោយ និងនៅតាមប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងសម័យកាលនោះ។អ្នកសិក្សាស្រាវជ្រាវ បានចុះបញ្ជីប្រាសាទ និងរចនាសម្ព័ន្ធសំណង់ប្រាសាទចំនួនជិត៣០០ ក្នុងតំបន់រមណីយដ្ឋានសំបូរព្រៃគុក។ ដែលមានបួនក្រុមធំគឺ ប្រាសាទរបងរមាស ប្រាសាទរណប កំពែងក្រុង និងក្រុមប្រាសាទសំខាន់ បីទៀត គឺប្រាសាទសំបូរ យាយព័ន្ធ និងប្រាសាទតោ។ ក្រុមប្រាសាទទាំងនោះ សាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
នៅដើមសតវត្សទី ២០ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសិក្សាស្រាវជ្រាវ និងអភិរក្សដោយជំនាញការបារាំង។ នៅឆ្នាំ ១៩៩៨ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាប់ផ្តើមការស្តារនិងការអភិរក្សរមណីយដ្ឋានសំបូរព្រៃគុកឡើងវិញ បន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុក ទទួលរងគ្រោះយ៉ាងដំណំដោយសារការទម្លាក់គ្រាប់បែក។ រហូតមកទល់ពេលនេះ ក្រសួងវប្បធម៌ បានបង្កើតសហគមន៍ដើម្បីចូលរួមក្នុងការងារជួសជុល ធ្វើកំណាយ ការការពារ និងការផ្តល់សេវាទេសចរជាប្រចាំ៕