ប្រជាពលរដ្ឋងាយរងគ្រោះដោយវិបត្តិកូវីដ១៩  នៅស្រុកអង្គរធំ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

AKP សៀមរាប ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០

ប្រជាពលរដ្ឋងាយរងគ្រោះដោយវិបត្តិកូវីដ១៩ចំនួន៤០នាក់ នៅក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ទទួលបាន អំណោយពីកាកបាទក្រហមកម្ពុជា តាមរយៈលោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធាន កិត្តិយសសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប។ អំណោយមនុស្សធម៌ ផ្តល់ជូនបងប្អូនចំនួន៤០នាក់នាពេលនេះ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម , មី១កេស ត្រីខ ១យូរ អាវយឺតមួយ ព្រមទាំងថវិកា៤ម៉ឺនរៀល។

លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាមួយគ្នានេះលោក ក៏បានក្រើន រម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តសៀមរាប មិនត្រូវធ្វេសប្រហែសពីមេរោគកូវីដ-១៩នេះឡើយ ទោះបីនៅប្រទេសកម្ពុជាយើង មានភាពធូរស្រាលជាងមុនក៏ពិតមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នឹងត្រៀមទប់ស្កាត់គ្រប់ពេល ដោយថែរក្សា អនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅនិងក្រុមគ្រួសារ ដោយត្រូវលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះលោកឧកញ៉ា ហ៊ុយ ភៀវ បានណែនាំឱ្យប្រជាពលរដ្ឋដែល មានបំណង់ឆ្លងដែនដោយខុសច្បាប់គួរបញ្ឈប់ជាបន្ទាន់ ព្រោះការលួចឆ្លងដែនបច្ចុប្បន្ននេះ គឺបានធ្វើឱ្យបងប្អូនប្រឈមនិងបញ្ហាជាច្រើនដូចជា ងាយឆ្លងមេរោគកូវីដ១៩ ចាញ់បោកមេខ្យល់ខាតបង់ប្រាក់កាស ហើយពេលឆ្លងចូលប្រទេសគេដោយខុសច្បាប់ ពេលគេចាប់បាននិងធ្វើបាបគ្រប់សព្វបែបយ៉ាង។

លោកបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនហាមឃាត់ប្រជាពលរដ្ឋឱ្យទៅធ្វើការ ក្រៅប្រទេសនោះទេ ប៉ុន្តែបងប្អូនត្រូវចាំឱ្យស្ថានភាពកូវិដចប់សិន ហើយត្រឡប់ទៅធ្វើការ ក្រៅប្រទេសវិញតាមរយៈក្រសួងការងារឬក្រុមហ៊ុនដោយស្របច្បប់។ ស្ថានភាពបច្ចុប្បន្ននេះ បងប្អូនគួរងាកមកធ្វើការងារនៅក្នុងស្រុកសិនល្អជាង ដូចជាការដាំបន្លែបង្ការ ធ្វើស្រែ និងការងារផ្សេងៗជាច្រើនដែលប្រទេសយើងមាន៕

ដោយ ឃុត សៅ