អាជ្ញាធរខេត្តត្បូងឃ្មុំបន្តពង្រីកកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុទៅដល់កសិករមូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ លោកស្រីធីណា ឌីណេ ០៧.០៧.២០២០


MC៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បន្តពង្រីកកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថាASPIRE សម្រាប់ជួយកសិករ ដែលជួបនឹងបញ្ហាប្រឈមមួយចំនួនក្នុងវិស័យកសិកម្ម ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍……..
លោក ហេង ពិសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តត្បូងឃ្មុំ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរបានធ្វើផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ជាបន្តបន្ទាប់ ដូចជាបច្ចេកទេសដាំដុះដំណាំស្រូវ បន្លែ និង ចញ្ចឹមសត្វ ហើយផ្សារភ្ជាប់ផលិតកម្មទៅកាន់ទីផ្សារ។
លោកបន្តថា បច្នុប្បន្ននេះយើងបានប្រមូលប្រជាកសិករចងក្រងជាបណ្តុំអាជីវកម្មកសិកម្មបន្លែទូទាំងខេត្ត បានចំនួន៤៩បណ្តុំ ស្មើនឹង២០០០គ្រួសារ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ផ្លាស់ប្ដូរទម្លាប់ចាស់ ចាប់យកការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជា ធន់នឹងកំដៅ ធន់នឹងទឹកភ្លៀង និងទប់ស្កាត់សត្វល្អិតចង្រៃជាដើម។ លោកបានបញ្ជាក់ថា មន្ទីរបានផ្តល់សំភារៈមួយចំនួន ទៅតាមផ្នែកណាមួយនៃផលិតកម្មរបស់ពួកគាត់ ដើម្បីឲ្យ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការងារកសិកម្មប្រកបដោយភាពជោគជ័យ។
លោកប្រធានមន្ទីរបានលើកជាឧទាហរណ៍ឲ្យដឹងថា បើសិនជាយើងធ្វើការដាដុះបន្លែ តើយើងត្រូវធ្វើដូចម្តេចដើម្បីអោយវាធន់ទៅនឹងការប្រែប្រួលអាកាសធាតុ! ប្រសិនបើមានភ្លៀងធ្លាក់ តើយើងត្រូវធ្វើដូចម្តេច? គឺយើងត្រូវតែប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីការពារទឹកភ្លៀង។ តើយើងត្រូវធ្វើដូចម្តេច ដើម្បីឲ្យផលដំណាំលូតលាស់បានល្អ គឺត្រូវប្រើទុយោតំណក់ទឹក និងប្រព័ន្ធស្រោចស្រប់ ត្រូវមានគម្របផ្លាស្ទិច ដើម្បីទប់ស្កាត់ស្មៅចង្រៃ ជាពិសេសគឺប្រើផ្ទះសំណាញ់ដើម្បីការពារសត្វចង្រៃជាដើម។
សំឡេង៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុយើងផ្តោតទៅលើការបង្កើនផលិតភាពកសិកម្មដល់បណ្តុំកសិករផ្សារភ្ជាប់ទៅទីផ្សារ។ ហើយគឺជាកម្មវិធីដែលអាចជួយកសិករក្នុងការធ្វើកសិកម្ម ផ្តល់ជាគំនិត សម្រាប់ចងក្រងជាបណ្តុំអាជីវកម្ម ដើម្បីបង្កើនផលិតភាពកសិកម្មនិងមានការជួយផ្តល់បច្ចេកទេសទាក់ទងទៅនឹងធាតុចូលកសិកម្មប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែងនៃបណ្តុំរបស់គាត់និមួយៗ ដោយបណ្តុំខ្លះយើងផ្គត់ផ្គង់ជាកូនត្រី ចំណីត្រី បណ្តុំខ្លះផ្តល់ដូចជាទ្រុង កូនមាន់ នឹងបណ្តុំខ្លះទៀតយើងផ្តល់ជីកសិកម្ម។
លោក សេង សំបាត់ ប្រជាកសិករនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កាលពីមុនគាត់បានដាំបន្លែនៅលើទីវាលដីលាតធម្មតា ជួបបញ្ហាជាច្រើនដូចជា ទឹកភ្លៀងធ្វើឲ្យងាយរលួយ ក្តៅខ្លាំង ខ្វះទឹក សត្វល្អិតចង្រៃធ្វើឲ្យខូចផលដំណាំ ។ ប៉ុន្តែក្រោយពី ទទួលបានការណែនាំ ពីមន្ទីរកសិកម្ម ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុ ដែលដាំក្នុងផ្ទះសំណាញ់ ធ្វើឲ្យគាត់កាត់បន្ថយនូវបញ្ហាប្រឈមជាយ៉ាងច្រើន ហើយទិន្នផលបន្លែក៏ល្អប្រសើរ និងទទួលបានតម្លៃខ្ពស់លើទីផ្សារ ។
លោកនឹងព្យាយាមពង្រីកការដាំដំណាំក្នុងផ្ទះសំណាញ់ឲ្យបានកាន់តែធំ ដែលនឹងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារនិង ផ្តល់បទពិសោធន៍ជូនដល់កសិករដ៏ទៃផងដែរ។
លោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា កម្មវិធី ASPIRE សម្រាប់ខេត្តត្បូងឃ្មុំ មានចំនួន២ឆ្នាំ ២០១៩-២០២០ ដែលនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ ។ បើទោះបីកម្មវិធីនេះនឹងបញ្ចប់តាមរយៈថវិការជាតិ របស់រាជរដ្ឋាភិបាលដែលផ្ដល់ជូនជារៀងរាល់ឆ្នាំក៏ដោយ ប៉ុន្តែ មន្ទីរនិងបន្តផ្សព្វផ្សាយនូវអ្វីដែលល្អជោគជ័យជូនដល់កសិករដទៃទៀត ដើម្បីឲ្យគាត់យកអនុវត្តតាមទៅតាមផែនការដែលមន្ទីរដាក់ចេញ។ ក្នុងនោះមន្ទីរនឹងបន្តស្វែងរកដៃគូទីផ្សាសម្រាប់កសិករ ឈានទៅរកការចុះកិច្ចសន្យាច្បាស់លាស់ រវាងអ្នកទិញនិងអ្នកលក់ ដោយស្របទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លើផលលិតកម្មកសិកម្មតាមកិច្ចសន្យា។ លោកប្រធាន សង្ឃឹមជឿជាក់ថា គម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅខេត្តត្បូងឃ្មុំ នឹងទទួលបានជោគជ័យ នឹងធ្វើអោយជីវភាពប្រជាពលរដ្ឋមានភាពធូធារ ក្នុងវិស័យកសិកម្ម។
សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថាASPIRE របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កំពុងព្យាយាមលុបបំបាត់ឧបសគ្គនានារបស់កសិករក្នុងការចែកចាយផលិតផលទៅកាន់ទីផ្សារ របស់កសិករខ្នាតតូច និងក្រុមអ្នកផលិតដល់អ្នកបរិភោគ អ្នកចែកចាយ ពាណិជ្ជករ អ្នកវិនិយោគ និងផ្នែកឧស្សាហកម្ម ព្រមទាំងទីផ្សារថ្នាក់ជាតិ និងក្នុងតំបន់៕