រដ្ឋបាលខេត្តស្វាយរៀងបង្កើនប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវាច្រកចេញចូលតែមួយឲ្យកាន់តែប្រសេីរ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៧ ០៧ ២០២០


MC៖រដ្ឋបាលខេត្តស្វាយរៀងបង្កើនប្រសិទ្ធភាពនិងតម្លាភាព ក្នុងការផ្តល់សេវាច្រកចេញចូលតែមួយឲ្យកាន់តែល្អប្រសេីរ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាតាមការចង់បានរបស់ប្រជាពលរដ្ឋ ។
អ្នកយកព័ត៌មានយើធ្វើសេចក្តីរាយការណ៍បន្ថែម ៖…
លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា ផ្អែកលើច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាល បានរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល ១០ឆ្នាំ (២០១០-២០២០) ដោយខេត្តស្វាយរៀង បានរៀបចំ និងដាក់ឱ្យដំណើរការនូវការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ចំនួន ៤ រួមមាន ក្រុងបាវិត ក្រុងស្វាយរៀង ស្រុកស្វាយជ្រុំនិងស្រុករមាសហែក ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ០៧ ខែ កក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី លោកបានឲ្យដឹងថា អង្គភាពច្រកចេញចូលតែមួយខេត្ត ដែលជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ។ ទន្ទឹមនេះ ក៏មានការិយាល័យប្រជាពលរដ្ឋ ដែលជាយន្តការអព្យាក្រឹត្យមួយសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។
លោកបានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង ក៏មានបិទជាតារាងតម្លៃនិងចំនួនថ្ងៃនៃការផ្តល់សេវាផងដែរ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ការមកទទួលសេវា ។
សំឡេង«យើងមានយន្តការច្រកចេញចូលតែមួយនេះ ពីដំបូងយើងមានការិយាល័យច្រកចេញចូលតែមួយនៅតែថ្នាក់ក្រុងស្រុកទេ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០១៨មក រាជរដ្ឋាភិបាលតាមរយៈកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនេះ យើងបានបង្កើតច្រកចេញចូលតែមួយនៅ ខេត្តថែមទៀត ដែលជាកន្លែងផ្តល់សេវានៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ។ ចង់បញ្ជាក់ជូនថាចំណុចនេះយើង អនុវត្តន៍គោលលការណ៍លទ្ធប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានតម្លាភាព យើងអនុវត្តន៍ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ »។
សូមបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយខេត្ត បានដំណើរការចាប់តាំងពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៨ ហើយផ្តល់សេវារដ្ឋបាល សរុបចំនួន ៨៣.៥៧៥សេវា មានអ្នកទទួលសេវាសរុប ៨៣.៣៣០នាក់ទំព័រ ទទួលបានប្រាក់ចំណូលសរុបចំនួនជាង ៤.២៤៣ លានរៀល ។ សូមជម្រាបជូនផងដែរថា សេវារដ្ឋបាល ដែលត្រូវបានផ្តល់តាមរយៈអង្គភាពច្រកចេញចូលតែមួយខេត្ត មាន១៤វិស័យ ស្មើនឹង ១៤៤ប្រភេទនិងមាន៥២៧ សេវាដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋនិងសាធារណជនតាមច្បាប់កំណត់៕