ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់៖ ស្ថានភាពសុខភាពរបស់អ្នកជំងឺកូវីដ១៩ ទាំង១០នាក់ចុងក្រោយ គឺល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ —

ថ្លែងប្រាប់អ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញតេឡេក្រាម ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ថានភាពសុខភាពរបស់អ្នកជំងឺកូវីដ១៩ ទាំង១០នាក់ចុងក្រោយនេះ គឺល្អប្រសើរ និងពុំមានរោគសញ្ញាណាមួយគួរឱ្យកត់សម្គាល់ និងព្រួយបារម្ភនោះទេ ។

ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “អ្នកជំងឺដែលនៅសេសសល់ទាំង១០នាក់នោះ គឺកំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយទេ ដោយក្នុងចំណោម១០នាក់នោះ មានអ្នកជំងឺចំនួន០៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង០២នាក់ នៅមន្ទីរពេទ្យចាក់អង្រែក្រោម ហើយជាការកត់សម្គាល់ ស្ថានភាពសុខភាពរបស់ពួកគាត់ គឺល្អប្រសើរ និងពុំមានរោគសញ្ញាណាមួយគួរឱ្យកត់សម្គាល់ និងព្រួយបារម្ភនោះ” ។

ដោយឡែកទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ១៩ ជាពិសេសករណីរលកទី២ ដែលអាចវាយប្រហារមកលើព្រះរាជាណាចក្រកម្ពុជានោះ ឯកឧត្តមវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា៖ “បើទោះបីជាយើងដឹងថារាល់ករណីចុងក្រោយនេះ គឺសុទ្ធសឹងតែជាករណីនាំចូលក៏ដោយ ហើយបើទោះជាយើងអាចគ្រប់គ្រងស្ថានការណ៍បាន និងមានប្រសិទ្ធភាព តាមរយៈវិធានការនានា ក៏ហានិភ័យនៃរលកទី២នេះ ដែលអាចវាយបកមកលើកម្ពុជាយើង គឺនៅតែខ្ពស់ដដែល ហើយយើងក៏ត្រូវនៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច គ្រប់ជាន់ថ្នាក់ទាំងអស់ ដោយបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតអំពីស្ថានភាពជំងឺនេះ ជាពិសេសនោះគឺការបន្តរឹតបន្តឹងការតាមដានសុខភាពរាល់អ្នកដំណើរទាំងអស់ដែលមកពីក្រៅប្រទេស ទាំងជនបរទេស និងកម្ពុជាខ្លួនឯងផងដែរ គឺគ្រប់ច្រកទាំងអស់ ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ជាពិសេសគឺផ្លូវអាកាស ដែលគ្រប់អ្នកដំណើរត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ទាំងអស់ រួមជាមួយការធ្វើចត្តាឡីស័ក១៤ថ្ងៃ មុននឹងអនុញ្ញាតឱ្យពួកគាត់ទៅរស់នៅជាធម្មតាវិញ។ ហើយចំពោះគម្លាតបុគ្គល និងគម្លាតសង្គម គឺត្រូវតែបន្តអនុវត្តជានិច្ចសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្រុងស្រុក ដោយមិនត្រូវធ្វេសប្រហែសជាដាច់ខាត ព្រោះថាពុំមានសញ្ញាថមថយនោះទេ ទាក់ទងទៅនឹងករណីឆ្លងវីរុសកូវីដ១៩ នៅទូទាំងពិភពលោក ក៏ដូចជាបណ្តាប្រទេសនៅតំបន់អាស៊ាន និងជុំវិញកម្ពុជា” ។

ជារួមបន្ទាប់ពីករណីចុងក្រោយនៅកម្ពុជា ជាករណីនាំចូលទាំងអស់ ហេតុដូច្នេះហើយទើបធ្វើឱ្យមានការបន្ធូរបន្ថយវិធានការខ្លះៗ ពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដូចជាការបើកអាហារដ្ឋាន សារមន្ទីរ កន្លែងកំសាន្ត ។ល។ ឡើងវិញ ហើយកាលពីពេលថ្មីៗ បើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏នឹងអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញផងដែរក្នុងពេលឆាប់ៗនេះ ដោយបើកជាដំណាក់កាល ទៅតាមស្តង់ដារនៃសាលារៀន ។

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ដែលសង្ស័យថាខ្លួន មានជំងឺ ឬអាចឆ្លងវីរុសកូវីដ១៩ ត្រូវទៅធ្វើការតេស្តសុខភាពជាបន្ទាន់ និងសូមទាក់ទងទៅលេខ១១៥ សម្រាប់ការពិគ្រោះយោបល់ និងរាយការណ៍ ក្នុងករណីដែលមានឃើញរោគសញ្ញាជាចង្កោមមនុស្សនៅក្នុងសហគមន៍រស់នៅណាមួយ (គ្រុនក្តៅច្រើន និងផ្តាសាយច្រើន) ។

គួររំលឹកថា គិតត្រឹមថ្ងៃនេះ តួលេខនៃករណីឆ្លងសរុបទូទាំងពិភពលោក មានជិត១២លាននាក់ហើយ ក្នុងនោះ ករណីជាសះស្បើយមានជាងជិត ៧លាននាក់ និងករណីស្លាប់ជាង ៥៤០.០០០នាក់ ខណៈនៅកម្ពុជាវិញ គិតចាប់ពីការរកឃើញករណីដំបូងទៅលើបុរសទេសចរជនជាតិចិន កាលពីចុងខែមករា ឆ្នាំ២០២០ រហូតមកទល់នឹងព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នេះ មានករណីសរុបចំនួន ១៤១នាក់ ក្នុងនោះករណីព្យាបាលជាសះស្បើយមានចំនួន ១៣១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១០នាក់ ដោយពុំមានករណីគ្រោះថ្នាក់ដល់ជីវិតនោះទេ ហើយក្នុងនោះ ករណីភាគច្រើនគឺជាការនាំចូលពីក្រៅប្រទេស ៕

ដោយ ផែន រតនៈ