អ៊ីស្រាអែលពន្យារពេលផែនការពង្រីកអធិបតេយ្យភាពលើផ្នែកខ្លះនៃតំបន់ West Bank

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីស្រាអែល លោក Gabi Ashkenazi បាននិយាយថា ប្រទេសអ៊ីស្រាអែលមិនមានគម្រោងពង្រីកអធិបតេយ្យភាពរបស់ខ្លួននៅលើទឹកដីនៃតំបន់ West Bank នៅប៉ុន្មានថ្ងៃខាងមុខនេះទេ។

លោក Ashkenazi បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Kan របស់អ៊ីស្រាអែលថា «វាមិនស្ថិតនៅក្នុងរបៀបវារៈសម្រាប់ថ្ងៃនេះ ឬថ្ងៃស្អែកទេ។ ខ្ញុំមិនដឹងទេ [ប្រសិនបើអធិបតេយ្យភាពនឹងត្រូវបានណែនាំ] ប៉ុន្តែអាចនិយាយបានថា ឥឡូវនេះក្រសួងការបរទេសកំពុងវាយតម្លៃទៅលើស្ថានភាពនេះ ហើយក្រសួងការពារជាតិក៏កំពុងថ្លឹងថ្លែងអំពីហានិភ័យនៅក្នុងវិស័យសន្តិសុខផងដែរ ព្រោះវានឹងមានផលវិបាកធ្ងន់ធ្ងរ»។

លោក Ashkenazi បាននិយាយបន្ថែមថា អ៊ីស្រាអែលបានពិភាក្សាអំពីផែនការរបស់ខ្លួនដើម្បីពង្រីកអធិបតេយ្យភាពរបស់ខ្លួននៅលើតំបន់ West Bank និងជ្រលងភ្នំហ្ស៊កដានី ដោយមានរដ្ឋមន្រ្តីការបរទេសជាង ៣០នាក់ចូលរួមពិភាក្សា ដែលភាគច្រើនជាសមាជិកសហភាពអឺរ៉ុប ហើយពួកគេភាគច្រើនបានប្រឆាំងនឹងផែនការនេះ។

លោក Ashkenazi បានកត់សម្គាល់ថា «យើងនឹងពិចារណាទៅលើបញ្ហានេះ នៅពេលធ្វើសេចក្តីសម្រេចណាមួយ»។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu មានបំណងចាប់ផ្តើមដំណើរការនៃការពង្រីកអធិបតេយ្យភាពនេះនៅថ្ងៃទី ១ ខែកក្កដា ប៉ុន្តែសកម្មភាពនេះត្រូវបានពន្យារពេល។ កាលពីថ្ងៃទី ២៩ ខែមិថុនា រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានស្នើថា ដំណើរការនេះត្រូវតែ ពន្យារពេល ចំពេលដែលកំពុងមានការរីករាលដាលនៃជំងឺឆ្លងកូរ៉ូណាវីរុស។

ផែនការរបស់លោក Netanyahu ធ្វើឡើងក្រោមកិច្ចព្រមព្រៀងសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់មជ្ឈិមបូព៌ា ដែលត្រូវបានបដិសេធដោយអាជ្ញាធរប៉ាឡេស្ទីន ក៏ដូចជាបណ្តាប្រទេសភាគច្រើននៅអារ៉ាប់។

នៅក្នុងខែឧសភា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានសម្រេចបញ្ចប់សន្ធិសញ្ញាទាំងអស់ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្ទាប់ពីលោក Netanyahu បានប្រកាសជាផ្លូវការនូវផែនការរបស់ខ្លួនសម្រាប់ការពង្រីកអធិបតេយ្យភាពនេះនៅក្នុង ពិធីស្បថចូលកាន់តំណែងគណៈរដ្ឋមន្រ្តីថ្មីរបស់លោក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)