កូរ៉េខាងត្បូងបញ្ជូនរបាំងបិទមុខចំនួន ៦០.០០០ ទៅកាន់បេសកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅទ្វីបអាហ្វ្រិក

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ បណ្តាមន្រ្តីមួយចំនួនបាននិយាយថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបញ្ជូនរបាំងបិទមុខចំនួន ៦០.០០០ ទៅកាន់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន ២ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីជួយពួកគេក្នុងការដោះស្រាយជាមួយនឹងការរាតត្បាតនៃមេរោគកូរ៉ូណាវីរុស។

រដ្ឋាភិបាលបានបង្ហាញផែនការនេះ ក្នុងពិធីបើកក្រុមត្រៀមសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីរក្សាសន្តិភាពនៅឆ្នាំ ២០២១ ដែលគ្រោងធ្វើនៅថ្ងៃទី ៨-៩ ខែមេសា។ រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha និងរដ្ឋមន្ត្រីការពារជាតិ លោក Jeong Kyeong-doo ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ។ បេសកកម្មនីមួយៗនឹងទទួលបានរបាំងចំនួន ៣០.០០០ ។

អង្គភាព Hanbit របស់កូរ៉េខាងត្បូងស្ថិតនៅក្នុងចំណោមបុគ្គលិកជាង ១៦.០០០នាក់ មកពី ៧២ប្រទេសដែលបានបញ្ជូនទៅទ្វីបអាហ្វ្រិកក្នុងបេសកកម្មថែរក្សាសន្តិភាពផ្សេងៗ ដូចជាការជួយការងារកសាងឡើងវិញនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមជាដើម។ កងកម្លាំងរក្សាសន្តិភាពជាង ១៥.០០០នាក់ មកពី ៥៧ប្រទេសកំពុងឈរជើងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

លោកស្រី Kang បាននិយាយថា «ឆ្នាំ ២០២១ នឹងប្រារព្ធខួបលើកទី ៣០ នៃការចូលរួមនៅក្នុងអង្គការសហប្រជាជាតិរបស់ប្រទេសកូរ៉េខាងត្បូង។ ខ្ញុំស្នើសុំឱ្យអ្នកដែលពាក់ព័ន្ធចូលរួមកិច្ចខិតខំប្រឹងប្រែងទាំងអស់សម្រាប់សន្និសីទនាពេលខាងមុខ ដើម្បីបង្កើតលទ្ធផលល្អបំផុតសម្រាប់ការលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោក»។

លោក Jeong បានគូសបញ្ជាក់ថា សន្និសីទនេះគួរតែដើរតួជា «ឱកាសមួយដែលសហគមន៍អន្តរជាតិយល់កាន់តែច្បាស់អំពីកិច្ចប្រឹងប្រែងរបស់កូរ៉េខាងត្បូងឆ្ពោះទៅសន្តិភាពនៅឧបទ្វីបកូរ៉េ និងផ្តល់ការគាំទ្របន្ថែមទៀតដល់យើង»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)