កិច្ចសន្ទនាជាមួយកូរ៉េខាងជើងត្រូវតែបន្ត ទោះបីស្ថិតនៅក្រោមកាលៈទេសៈណាក៏ដោយ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីដែលទើបតែងតាំងថ្មីនៃក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយថា កិច្ចសន្ទនាជាមួយកូរ៉េខាងជើងត្រូវតែបន្ត ទោះបីស្ថិតនៅក្រោមកាលៈទេសៈណាក៏ដោយ។ លោកនិយាយដូច្នេះ នៅរយៈពេល ២ថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានច្រានចោលលទ្ធភាព នៃកិច្ចប្រជុំកំពូលមួយទៀតជាមួយសហរដ្ឋអាមេរិក។

លោក Lee In-young សមាជិកសភាគណបក្សកាន់អំណាចបួនអាណត្តិ ក៏បានប្តេជ្ញាស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីទទួលបានសន្តិភាពជាមួយកូរ៉េខាងជើង ខណៈដែលលោកបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅពេលទៅដល់ ការិយាល័យសន្ទនាអន្តរកូរ៉េ របស់ក្រសួងដើម្បីធ្វើការងារជាលើកដំបូងចាប់តាំងពីការតែងតាំងកាលពីថ្ងៃសុក្រ។

លោក Lee ក៏បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់រាល់សកម្មភាពដែលបង្កភាពតានតឹងផ្នែកយោធាផងដែរ។

លោក Lee បាននិយាយថា «វាជាការគួរឱ្យចង់បានដែលកិច្ចសន្ទនារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង និងកិច្ចសន្ទនារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នៅតែបន្តដោយមិនបញ្ឈប់ ទោះបីស្ថិតនៅក្រោមកាលៈទេសៈណាក៏ដោយ»។

ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនមិនចាំបាច់ជួបជាមួយសហរដ្ឋអាមេរិកសម្រាប់កិច្ចពិភាក្សានោះទេ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានឆ្លៀតយកឱកាសនៃកិច្ចសន្ទនារវាងប្រទេសទាំងពីរជាឧបករណ៍សម្រាប់ដោះស្រាយវិបត្តិនយោបាយរបស់ខ្លួន៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)