ការផ្សាយតាមប្រព័ន្ធឌីជីថលនឹងផ្ដល់គុណប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធផ្សព្វផ្សាយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៧ កក្ដដា ២០២០


MC៖ មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការផ្លាស់ប្តូរប្រព័ន្ធផ្សាយពីអាណាឡូក ទៅឌីជីថល នឹងផ្ដល់គុណប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធផ្សព្វផ្សាយទាំងផ្នែកគុណភាពរូបភាព និងសំឡេង ដែលអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំង។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា ការផ្លាស់ប្ដូរការប្រព័ន្ធផ្សព្វផ្សាយទៅជាឌីជីថល ផ្ដល់ភាពសម្បូរបែប ទាំងវិសាលភាព ទាំងមធ្យោបាយនៃការផ្សព្វផ្សាយ ក្នុងការរួមចំណែកផ្ដល់ព័ត៌មានយ៉ាងទូលំទូលាយលឿនរហ័ស និងរូបភាពច្បាស់ លាស់ជូនដល់ប្រជាពលរដ្ឋ។
សំឡេង៖ «ការផ្លាស់ប្ដូរប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលនេះ វាផ្ដល់ប្រយោជន៍ដល់ប្រព័ន្ធផ្សព្វផ្សាយរបស់យើងឲ្យធ្វើយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយរបស់យើងកាន់តែមានភាពសម្បូរបែបទាំងវិសាលភាព និងមធ្យោបាយនៃការផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះក៏ផ្ដល់នូវគុណភាពនៃប្រព័ន្ធសិក្សាយើងកាន់តែប្រសើរទាំងរូបភាព ទាំងសំឡេង និងការបញ្ជូនសញ្ញានៃរលកការផ្សាយរបស់យើង»។
ពាក់ព័ន្ធទៅនឹងការត្រៀមលក្ខណៈនៅក្នុងការផ្លាស់ប្ដូរពីប្រព័ន្ធអាណាឡូកទៅឌីជីថលនៅកម្ពុជា ឯកឧត្តម បានឲ្យដឹងថា មកដល់ពេលនេះក្រសួងពាក់ព័ន្ធមានទាំងក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងតែខិតខំនៅក្នុងការរៀបចំនូវលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីគាំទ្រដល់ការផ្លាស់ប្ដូរពីប្រព័ន្ធអាណាឡូកទៅជាឌីជីថល។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកំណត់ថា នៅឆ្នាំ២០២៣ខាងមុខ ទូរទស្សន៍នៅកម្ពុជានឹងត្រូវប្រើប្រព័ន្ធទូរទស្សន៍ឌីជីថលទាំងអស់ ដើម្បីដើរឲ្យទាន់ជាមួយនឹងយុគបច្ចេកវិទ្យានៃសម័យទំនើប។ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ ពីអាណាឡូក ទៅឌីជីថលនេះ គឺមានសំឡេង និងរូបភាពច្បាស់ មានល្បឿនលឿន រលកសញ្ញាប្រេកង់មិនរំខាន ឬឆ្លងទៅប៉ុស្តិ៍ផ្សេង ដែលផ្តល់ភាពងាយស្រួលដល់អ្នកទស្សនា៕