ក្នុងរយៈពេល៦ខែ ចាប់បានរថយន្តដឹកលើសកំណត់ជាង២០ម៉ឺនគ្រឿង

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ០៧ ២០២០

MC:  ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ចាប់បានរថយន្តដឹកលើសកំណត់សរុប២៨១.២៤៤គ្រឿង ស្មើនឹង២៥.៧០ភាគរយ ក្នុងចំណោមរថយន្តដែលហៅឱ្យចូលត្រួតពិនិត្យសរុបជាង១លានគ្រឿង។

  ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបញ្ជាក់ថា ការដឹកលើសទម្ងន់នេះ មានរថយន្តផ្ទុកលើសទម្ងន់ក្រោម៥ភាគរយចំនួនជាង២៧ម៉ឺនគ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី៥ភាគរយទៅ១០ភាគរយ ចំនួន២៧គ្រឿង រថយន្តផ្ទុកលើសទម្ងន់ពី១០ភាគរយទៅ២០ភាគរយ ចំនួនជាង១ពាន់គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី២០ភាគរយ មានចំនួន៥៧៣គ្រឿង។

  ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២០ ស្តីពីការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឯកឧត្តម បានឱ្យដឹងថា ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មីៗមួយចំនួន បាននឹងកំពុងបង្កើតឡើងនៅទីតាំងថ្មី ព្រមទាំងមានការរុះរើ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។ ឯកឧត្តមរដ្ឋលេខាធិការ បានក្រើនរំឭកដល់មន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ បានកំណត់ថា បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ដែលផ្ទុកទម្ងន់ធ្វើឱ្យស្រុតផ្លូវផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់៤លានរៀល។ ដោយឡែក បើមន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់ធ្វើឱ្យស្រុតផ្លូវផ្លូវថ្នល់ ឬបែក  លូ កាត់ ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តបទល្មើស។

បច្ចុប្បន្ន នៅទូទាំងប្រទេសមានស្ថានីយថ្លឹងយានយន្តសរុប២៨កន្លែងដូចជានៅស្ថានីយបាវិត ស្ថានីយអ្នកលឿង ស្ថានីយកំពង់ភ្នំខេត្តកណ្តាល ស្ថានីយព្រែកឯង ស្ថានីយខេត្តកំពង់ស្ពឺ ព្រះសីហនុ សៀមរាប តាកែវ កំពត  ពោធិសាត់ បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ជាដើម។

បើតាមការឱ្យដឹងរបស់មន្ត្រីអ្នកនាំពាក្យ បញ្ជាក់ថា ក្នុងមួយស្ថានីយមានមន្ត្រីប្រចាំការចំនួន១១នាក់ ក្នុងនោះមន្ត្រីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន៣នាក់ មន្ត្រីរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសាមីចំនួន៣នាក់ មន្ត្រីមកពីកងរាជអាវុធហត្ថចំនួន២នាក់ មន្ត្រីមកពីនគរបាលជាតិចំនួន២នាក់ និងមន្ត្រីរដ្ឋបាលរបស់ខេត្តគោលដៅចំនួន១នាក់៕