មន្ទីរទេសចរណ៍ខេត្តរតនៈគិរីបន្តណែនាំដល់ម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅពង្រឹងការអនុវត្តពីវិធានការ ការពារជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ី កនិកា ០៦.៧.២០២០


MC៖មន្ទីរទេសចរណ៍ខេត្តរតនៈគិរីបានបន្តចុះណែនាំវិធានការសុវត្ថិភាពទេសចរណ៍ក្នុងអាជីវកម្មសេវាស្នាក់នៅសម្រេចបាន៨០ភាគរយហើយ ក្នុងចំណោមសណ្ឋាគារ និងផ្ទះសំណាក់ទូទាំងខេត្តចំនួន៥១ទីតាំងដើម្បីការពារ ជំងឺកូវីដ១៩នេះដល់ភ្ញៀវទេសចរ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម……………………………
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគិរី បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបើកអាជីវកម្មទេសចរណ៍ឲ្យដំណើរការជាធម្មតាវិញហើយតែត្រូវចូលរួមអនុវត្តន៍នូវវិធានការអនាម័យ និងគម្លាតសង្គម តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ។
លោកបានបន្តទៀតថា តាមរយៈការអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ ក៏ដូចជាអាជ្ញាធរពាក់ពន្ធ័ជុំវិញខេត្ត គឺបានធ្វើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ មានទំនុកចិត្តកាន់តែខ្លាំងឡើងពេលមកទស្សនាកម្សាន្តនៅខេត្តនេះ បើទោះបីជានៅក្នុងដំណាក់កាល ដែលពិភពលោកកំពុងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ក៏ដោយ ។
សំឡេង៖«ក្រុមទី១យើងចុះទៅតាមរមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តក្រុមទី២ចុះតាមមូលដ្ឋានអាហារដ្ឋានហើយក្រុមទី៣យើងចុះទៅតាមផ្នែក សេវាកម្មស្នាក់នៅ ។ថ្វីត្បិតជម្ងឺកូវីដបានធូរស្រាលពិតមែន ប៉ុន្តែវិធានការ ការពារនៅតែមានការប្រុងប្រយ័ត្ន នៅតែមានការផ្សព្វផ្សាយ ទៅដល់ប្រតិបត្តិករ អាជីករទេសចរណ៍ឬសហគមន៍រមណីយដ្ឋានផងដែរ ។ យើងចុះទៅតាមគោលដៅដែលយើងបានផ្សព្វផ្សាយនេះ ក្នុងការណែនាំគំលាតសង្គមនៅក្នុងភោជ្ជនីដ្ឋាននិងសណ្ឋាគារត្រូវតែស្អាតជាប្រចាំ ។ចឹងហើយក្រុមការងារបានចុះវាយតម្លៃការអនុវត្តផ្នែកសណ្ឋាគារ សេវាកម្មម្ហូបអាហារនិងតាមរម្មណីយដ្ឋានឥឡូវបាន៨០ភាគរយ អ្វីដែលក្រុមការងារបានចុះណែនាំ ពួកគាត់ចឹងនៅតែ២០ភាគរយទៀតទេ។ក្រុមការងារនឹងចុះកំណត់ឲ្យច្បាស់តាមចលករបើភោជនីយដ្ឋានណារម្មណីយដ្ឋានណាដែលគោរពទៅតាមចលកររបស់ក្រសួងទេសចរណ៍យើងនឹងបិទស្លាកជាឃ្យូអរកូដមួយជូនពួកគាត់ទៅតាមសណ្ឋាគារឬភោជនីយដ្ឋានដែលពួកគាត់ពិតជាទទួលបានពីការណែនាំពីក្រុមការងាររបស់ក្រសួងទេសចរណ៍និងក្រសួងសុខាភិបាលហើយអាជ្ញាធរមូលដ្ឋានផងដែរ»។
របាយណ៍ការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនៈគិរីបានឱ្យដឹងថា សេវាកម្មទេសចរណ៍នៅខេត្តនេះ មានសណ្ឋាគាចំនួន១៤ ផ្ទះសំណាក់ ៣៧ ភោជនីយដ្ឋានចំនួន៣៩ កន្លែងម៉ាស្សាមានចំនួន៣កន្លែង បៀហ្គាឌិន មាន៣កន្លែង ខារ៉ាអូខេចំនួន១២កន្លែង នឹងក្លឹមកំសាន្តមានចំនួន១កន្លែង។ ខេត្តរតនៈគិរីមានតំបន់រមណីយដ្ឋានសរុបចំនួន ១៨កន្លែង ក្នុងនោះមាន រមណីយដ្ឋានអេកូទេសចរណ៍ចំនួន១៦កន្លែង និងរមណីយដ្ឋានវប្បធម៌ចំនួន០២កន្លែង។
សូមបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០២០ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តរតនៈគិរីមាន ចំនួនសរុបចំនួន៨៥១១០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៨០០០៤ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន៥១០៦ នាក់ ៕