កសិករចំនួន ៦៤០គ្រួសារ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បញ្ឈប់ការរុករានព្រៃខុសច្បាប់ ងាកមកចូលរួមជាសមាជិកផលិតស្រូវសរីរាង្គ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០


MC : ប្រជាកសិករចំនួន ៦៤០គ្រួសារ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ឈប់ពីការរុករានព្រៃខុសច្បាប់ ងាកមកចូលរួមជាសមាជិកផលិតស្រូវសរីរាង្គ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ការចូលជាសមាជិកនៃគម្រោងទ្រទ្រង់ជីវភាពសហគមន៍របស់អង្គការ ជីវិតសត្វស្លាបអន្តរជាតិ បច្ចុប្បន្ននេះបានចំនួន ៦៤០គ្រួសារនៅភូមិគោលដៅចំនួន៧ ដែលនៅជុំវិញដែនជម្រកសត្វព្រៃសៀមប៉ាង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានងាកមកប្រកបរបរដាំស្រូវសរីរាង្គវិញ ដើម្បីលើកស្ទួយជីវភាពគ្រួសារ ជំនួសការរុករានព្រៃឈើខុសច្បាប់ ។
លោកបានបន្តថា គ្រួសារទាំងនេះ បានចុះកិច្ចព្រមព្រៀងបញ្ឈប់ ការរុករានព្រៃ បរបាញ់សត្វព្រៃ កាប់ព្រៃឈើ ឬទន្រ្ទានដីខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ ។
លោកបន្តទៀតថា ការដែលបញ្ឈប់ការការរុករានព្រៃខុសច្បាប់នេះ ដោយសារអង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចាំកម្ពុជា បានផ្តល់ពូជស្រូវ និងបច្ចេកទេសដាំដុះ ជាមួយនឹងការទទួលទិញស្រូវពីកសិករមកវិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ ។
សំឡេង « គម្រោងនេះមានបំណងជួយលើកស្ទួយជីវភាពប្រជាជននៅជុំវិញតំបន់ការពារធម្មជាតិ តាមរយៈការផ្តល់ពូជស្រូវ និងបច្ចេកទេសដាំដុះស្រូវសរីរាង្គ ជាមួយនឹងការទទួលទិញស្រូវពីកសិករមកវិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ ហើយប្រជាជនមានការកើនឡើងរហូតដល់ ៦៤០គ្រួសារជាង គឺមានការចូលរួមពីសហគមន៍ដែលនៅជុំវិញនិងក្រោយពីរកឃើញនូវអត្ថប្រយោជន៍នៃការចូលរួមជាមួយកម្មវិធីស្រូវត្រយ៉ង ហើយកម្មវិធីស្រូវត្រយ៉ងនេះគឺមានលក្ខខណ្ឌរបស់គេ ប្រជាជនដែលចូលរួម ក្នុងហ្នឹងគឺដាច់ខាតត្រូវតែគោរពតាមលក្ខខណ្ឌ គឺមានដូចជា មិនទន្ទ្រានដី បន្ថែមនៅក្នុងតំបន់ការពារ មិនបរបាញ់សត្វ មិនប្រើប្រាស់ជីគីមីជាដើមសម្រាប់ធ្វើកសិកម្មនេះ » ។
លោកបានបន្ថែមថា ផលដែលបានពីការចូលរួមនៅក្នុងកម្មវិធីស្រូវនេះ គឺគេមានបណ្តុះបណ្តាលពីជំនាញកសិកម្មដាំស្រូវនិងផ្ដល់ពូជល្អៗ ហើយបើផលនោះកសិករគោរពទៅតាមលក្ខខណ្ឌរបស់ស្រូវត្រយ៉ង នោះក្រុមហ៊ុនដែលជាដៃគូទទួលទិញរបស់យើង ដែលមានក្រុមហ៊ុនអង្ករត្រយ៉ង គេនឹងអោយតម្លៃខ្ពស់ជាងទីផ្សាររហូតដល់ទៅ ២០ភាគរយ ទៅ ៣០ភាគរយ តាមគុណភាពស្រូវ ។
បើតាមរយៈរបាយការណ៍របស់អង្គការជីវិតសត្វស្លាប កសិករផលិតស្រូវត្រយ៉ង ទទួលបានលទ្ធផលជោគជ័យខ្លាំងក្នុងឆ្នាំ២០១៩ ដែលបានទទួលទិញស្រូវ ៣ប្រភេទ គឺស្រូវសរីរាង្គចាប់ពីតម្លៃ ១,៧៥០ ទៅ ១,៨៥០រៀល ក្នុង១គីឡូក្រាម ស្រូវពាក់កណ្តាលសរីរាង្គតម្លៃ ១,៦៥០រៀល ស្រូវ-ស (ស្រូវពូជក្នុងស្រុក)តម្លៃ ១,៤០០រៀល និងស្រូវតំណើបតម្លៃពី ១,៦៥០ ទៅ ១,៨៥០ រៀល ក្នុង១គីឡូក្រាម ពីប្រជាកសិករដែលដាំដុះស្រូវត្រយ៉ងនៅក្នុងស្រុកសៀមប៉ាង ហើយជាលទ្ធផល ការលក់ស្រូវទាំង៤ភូមិ សម្រេចបានចំនួន សរុបចំណូលបាន ៣០៩.៣៦៧.២០០រៀល ឬ ៧៧.៣៤,២០០ ដុល្លារ ៕