អ៊ីស្រាអែលវាយប្រហារគោលដៅរបស់ហាម៉ាសនៅតំបន់ហ្គាហ្សា ជាការឆ្លើយតបនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០​ — កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅឯមូលដ្ឋានរបស់ហាម៉ាស (Hamas) នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ៣គ្រាប់ដែលបានបាញ់ចេញទៅកាន់ទឹកដីរបស់ខ្លួនពីតំបន់នោះកាលពីថ្ងៃអាទិត្យ។

IDF បានសរសេរនៅលើគណនីបណ្តាញសង្គម Twitter ថា «ជាការឆ្លើយតបនឹងរ៉ុក្កែត ៣គ្រាប់ដែលបានបាញ់មកលើអ៊ីស្រាអែលកាលពីល្ងាចថ្ងៃអាទិត្យ កងទ័ពអាកាសរបស់យើងគ្រាន់តែផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនៅក្រោមរចនាសម្ព័ន្ធរបស់ហាម៉ាសនៅហ្គាហ្សាតែប៉ុណ្ណោះ»។

IDF បាននិយាយកាលពីព្រឹកព្រលឹមថ្ងៃចន្ទនេះថា គ្រាប់រ៉ុក្កែត ៣គ្រាប់ត្រូវបានបាញ់ដោយក្រុម  រ៉ាឌីកាល់ពីតំបន់ហ្គាហ្សាស្ទ្រីប។ រ៉ុក្កែតមួយក្នុងចំណោមគ្រាប់រ៉ុក្កែតនោះត្រូវបានស្ទាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។ ស្ថានីយវិទ្យុ Kan របស់អ៊ីស្រាអែលបាននិយាយថា មិនមានរបាយការណ៍អំពីការខូចខាតនោះទេ។

ការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សាស្ទ្រីបជាច្រើនត្រូវបានគេរាយការណ៍ ដូចជាកាលពីថ្ងៃទី២៦ ខែមិថុនា កាលពីថ្ងៃទី១៥ ខែមិថុនា កាលពីថ្ងៃទី៦ ខែឧសភា និងកាលពីថ្ងៃទី២៧ ខែមីនា។ កងកម្លាំងការពារអ៊ីស្រាអែលបានសងសឹកវិញដោយធ្វើការវាយប្រហារទៅលើមូលដ្ឋានយោធារបស់ហាម៉ាស។ នៅថ្ងៃទី២៣ និង ២៤ ខែកុម្ភៈ នៅពេលគ្រាប់រ៉ុក្កែតជាង ៨០គ្រាប់ត្រូវបានបាញ់ទៅលើទឹកដីអ៊ីស្រាអែល IDF បានវាយប្រហារគោលដៅយោធារបស់ក្រុមជីហាដអ៊ីស្លាមនៅភាគខាងត្បូងនៃក្រុង Damascus ក្នុងប្រទេសស៊ីរី និងទីតាំងរបស់ក្រុមរ៉ាឌីកាល់រាប់សិបកន្លែងនៅតំបន់ហ្គាហ្សាស្ទ្រីប៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)a