អ៊ីរ៉ង់ដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ប្រឆាំងទៅនឹងសហរដ្ឋអាមេរិកជុំវិញការដាក់ទណ្ឌកម្ម

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០​ — យោងតាមការប្រកាសរបស់អនុប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការច្បាប់ លោក Laya Joneydi ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។

យោងតាមរបាយការណ៍នេះ លោក Joneydi បានប្រកាសព័ត៌មាននេះក្នុងដំណើរទស្សនកិច្ចនៅ វិទ្យាស្ថានប៉ាស្ទ័រអ៊ីរ៉ង់ ដែលជាស្ថាប័នស្រាវជ្រាវ និងអនុវត្តការថែទាំសុខភាពរបស់ប្រទេសអ៊ីរ៉ង់។

សេដ្ឋកិច្ចអ៊ីរ៉ង់ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញប្រេងរបស់ខ្លួន បានទទួលរងនូវការប៉ះពាល់យ៉ាងខ្លាំងនៅដើមទសវត្សឆ្នាំ ២០០០ ពីការដាក់ទណ្ឌកម្មអន្តរជាតិ។ វិធានការណ៍នេះបានធ្វើឡើងបន្ទាប់ពីសមាគមថាមពលបរមាណូអន្តរជាតិ (IAEA) នឹងអង្គការឃ្លាំមើលអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានរកឃើញថា ទីក្រុងតេហេរ៉ង់កំពុងធ្វើសកម្មភាពដំណើរការពង្រឹង នឹងបង្កើតនុយក្លេអ៊ែរឡើងវិញជាសម្ងាត់។

ខណៈដែលការដាក់ទណ្ឌកម្មទាំងនេះភាគច្រើនត្រូវបានដកហូតនៅឆ្នាំ ២០១៦ បន្ទាប់ពី IAEA បានផ្ទៀងផ្ទាត់ការអនុលោមរបស់អ៊ីរ៉ង់ជាមួយនឹងការប្តេជ្ញាចិត្ត ដែលបានដាក់នៅក្នុងផែនការសកម្មភាពរួមឆ្នាំ ២០១៥ ក៏នៅមានទណ្ឌម្មខ្លះនៅតែមានបន្ត ហើយថែមទាំងបានគុណទ្វេរដងទៀត។

ជាពិសេស សហរដ្ឋអាមេរិកដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៨ ហើយចាប់តាំងពីពេលនោះមក គេបានអនុវត្តជាផ្លូវការនូវការដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដែលរួមមានទាំងឧស្សាហកម្មប្រេង ឧស្សាហកម្មលោហធាតុ វិស័យហិរញ្ញវត្ថុ និងធនាគារ ពាណិជ្ជកម្ម ព្រមទាំងការអភិវឌ្ឍអាវុធ បន្ថែមដោយការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិផងដែរ។ ដោយសារតែទីក្រុងវ៉ាស៊ីនតោនចង់ឃើញការនាំប្រេងចេញរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតសូន្យ ទើបការដាក់ទណ្ឌកម្មត្រូវបានពង្រីកដល់ប្រទេសផ្សេងៗទៀតដែលធ្វើជំនួញជាមួយទីក្រុងតេហេរ៉ង់។

ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀត របស់ក្រុងតេហេរ៉ង់ឱ្យមានការដកចេញនូវទណ្ឌកម្មនេះក្នុងពេលមានជំងឺរាតត្បាតក៏ដោយ ក៏វិធានការដាក់ទណ្ឌកម្មនៅតែមានដដែល៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)