ប្រទេសរុស្ស៊ីនៅតែប្តេជ្ញាចិត្តក្នុងការហាមឃាត់ការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០​ — ការិយាល័យសារព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយដោយអត្ថាធិប្បាយ ទៅលើកិច្ចព្រមព្រៀងនៃការប្រកាន់ខ្ជាប់ និងការអនុលោមនូវការត្រួតពិនិត្យអាវុធ ការមិនចុះបញ្ជី និងការដកហូតអាវុធឆ្នាំ ២០២០ របស់សហរដ្ឋអាមេរិក (Compliance Report) ថា ប្រទេសរុស្ស៊ីនៅតែប្តេជ្ញាចិត្តក្នុងការហាមឃាត់ការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ និងបន្តអនុវត្តសន្ធិសញ្ញានុយក្លេអ៊ែរដែលមានលក្ខណៈទូលំទូលាយ បើទោះបីជាសន្ធិសញ្ញានេះនៅមិនទាន់ចូលជាធរមានក៏ដោយ។

ក្រសួងការបរទេសនេះបានចង្អុលបង្ហាញថា «ការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា រុស្ស៊ីបានរំលោភទៅលើការហាមឃាត់ការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ ដោយការធ្វើពិសោធន៍នុយក្លេអ៊ែរមិនស្របនឹងស្តង់ដារ «ទិន្នផលសូន្យ» របស់សហរដ្ឋអាមេរិក មិនត្រូវបានគេបង្ហាញនូវភ័ស្តុតាងណាមួយនោះទេ»

ក្រសួងនេះបាននិយាយបន្ថែមថា ទន្ទឹមនឹងនេះដែរ ជនជាតិអាម៉េរិកបានសារភាពថា ពួកគេមិនបានដឹងអំពីចំនួននៃការសាកល្បងទាំងនោះទេ កាលពីក្នុងឆ្នាំ២០១៩ ហើយក៏មិនដឹងថា តើពួកគេបានធ្វើ ឬក៏អត់នោះដែរ។ យើងគូសបញ្ជាក់ថា ស្របតាមការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួន រុស្ស៊ីមិនគួរអនុវត្តតាម «ស្តង់ដារអាម៉េរិក» ណាមួយនៅក្នុងការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរនោះទេ។

ក្រសួងបានសង្កត់ធ្ងន់ថា «យើងបញ្ជាក់ជាផ្លូវការថា ប្រទេសរុស្ស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការផ្អាកនូវការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ និងបន្តអនុវត្តបទប្បញ្ញត្តិនៃសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរដ៏ទូលំទូលាយ ទោះបីជាការពិតដែលថា សន្ធិសញ្ញានេះមិនទាន់ចូលជាធរមានក៏ដោយ»។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ខុសពីសហរដ្ឋអាមេរិក យើងបានផ្តល់សច្ចាប័នទៅលើវាកាលពី ២០ឆ្នាំមុន ហើយបានអនុវត្តដោយជោគជ័យ។ ទន្ទឹមនឹងនេះដែរ យើងបានបន្តនូវការសន្មតថា ការខ្វែងគំនិតណាមួយទៅលើលក្ខណៈវិនិច្ឆ័យសម្រាប់ការអនុលោមតាមការប្តេជ្ញាចិត្តពាក់ព័ន្ធ អាចនឹងគួរតែត្រូវបានដោះស្រាយនៅក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរដ៏ទូលំទូលាយនេះ បន្ទាប់ពីវាបានចូលជាធរមាន»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)