កូរ៉េខាងជើងថា មិនមានភាពចាំបាច់នោះទេ ដែលត្រូវអង្គុយមុខទល់គ្នាជាមួយសហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០​ — អ្នកការទូតកំពូលនៃប្រទេសកុម្មុយនិស្តកូរ៉េខាងជើងមួយរូបបាននិយាយថា កូរ៉េខាងជើងមិនមានអារម្មណ៍ចង់ជួបជាមួយសហរដ្ឋអាមេរិកសម្រាប់កិច្ចពិភាក្សាណាមួយនោះទេ ដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានឆ្លៀតយកឱកាសនៃកិច្ចសន្ទនារវាងប្រទេសទាំងពីរគ្រាន់តែជា «ឧបករណ៍សម្រាប់ដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ»។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសទីមួយរបស់កូរ៉េខាងជើង លោកស្រី Choe Son-hui បានធ្វើការកត់សម្គាល់ដូចនេះនៅពេលនិយាយអំពីកិច្ចប្រជុំកំពូលមួយទៀតរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលទទួលបានការចាប់អារម្មណ៍នាពេលថ្មីៗនេះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយថា លោកនឹងជំរុញឱ្យមានកិច្ចប្រជុំបែបនេះកើតឡើងមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា។

អតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ចន បូលតុន ក៏បាននិយាយផងដែរថា លោក ត្រាំ អាចជួបជាមួយលោក គីម ប្រសិនបើលោក ត្រាំ ជឿជាក់ថា កិច្ចប្រជុំកំពូលមួយនឹងជួយផ្តល់ឱកាសក្នុងការជាប់ឆ្នោតម្តងទៀតសម្រាប់លោក។ លោក ចន បូលតុន បាននិយាយថា ការប្រជុំបែបនេះអាចនឹងកើតឡើង ដែលជាការភ្ញាក់ផ្អើលមួយនៅខែតុលាមុនពេលបោះឆ្នោត។

លោកស្រី Choe បាននិយាយថា សហរដ្ឋអាមេរិកនឹងមានការភាន់ច្រឡំ ប្រសិនបើគេនៅតែគិតថា «កិច្ចចរចានឹងនៅតែមានដំណើរការសម្រាប់ពួកយើង»។ លោកស្រីបាននិយាយបន្ថែមថា កូរ៉េខាងជើងបាន «ធ្វើផែនការកាលវិភាគយុទ្ធសាស្ត្រលម្អិតរួចរាល់ហើយ សម្រាប់ការត្រួតពិនិត្យទៅលើការគំរាមកំហែងរយៈពេលវែងពីសហរដ្ឋអាមេរិក»។

លោកស្រីបាននិយាយថា «នឹងមិនមានការកែតម្រូវ និងការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយរបស់យើងឡើយ ដោយផ្អែកទៅលើលក្ខខណ្ឌខាងក្រៅដូចជា កាលវិភាគនយោបាយផ្ទៃក្នុងរបស់ប្រទេសណាមួយ» ។ លោកស្រី Choe បាននិយាយបន្ថែមថា កូរ៉េខាងជើងមិនមានអារម្មណ៍ថា ត្រូវអង្គុយទល់មុខគ្នាជាមួយសហរដ្ឋអាមេរិកនោះទេ ពីព្រោះទីក្រុងវ៉ាស៊ីនតោនមើលឃើញនូវកិច្ចសន្ទនារបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង «គ្មានអ្វីក្រៅតែពីជាឧបករណ៍សម្រាប់ដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)