កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌូណេស៊ី និងអូស្រ្តាលីចូលជាធរមាន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០​ — ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ដែលបាននិយាយថា កិច្ចព្រមព្រៀងមួយរវាងឥណ្ឌូណេស៊ី – អូស្ត្រាលី ដែលលុបបំបាត់នូវពន្ធគយពាណិជ្ជកម្មភាគច្រើនរវាងប្រទេសទាំងពីរ និងមានគោលបំណងដើម្បីបើកការវិនិយោគ បានចូលជាធរមានហើយកាលពីនៅថ្ងៃទី៥ ខែកក្កដា។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងឥណ្ឌូណេស៊ី – អូស្រ្តាលី (IA-CEPA) ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន នឹងត្រូវបានផ្តល់សច្ចាប័នដោយសភាឥណ្ឌូណេស៊ីកាលពីខែកុម្ភៈ មានគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគីដែលមានតម្លៃ ៧,៨ពាន់លានដុល្លារអាមេរិកកាលពីក្នុងឆ្នាំ ២០១៩ ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Agus Suparmanto បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះស្ទើរតែគ្រប់ប្រទេសទាំងអស់។ កិច្ចព្រមព្រៀង IA-CEPA អាចត្រូវបានប្រើប្រាស់ដើម្បីរក្សាពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី និងលើកកម្ពស់ការប្រកួតប្រជែង»។

នៅក្នុងពិធីចុះហត្ថលេខាកាលពីឆ្នាំមុន ប្រទេសទាំងពីរបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងលុបចោលនូវរាល់ពន្ធគយរបស់អូស្រ្តាលីទៅលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី ខណៈដែលពន្ធ ៩៤ភាគរយនៃប្រទេសឥណ្ឌូណេស៊ីនឹងត្រូវដកចេញជាបណ្តើរៗដែរ។

ប្រទេសអូស្រ្តាលីមានគោលបំណងជំរុញការនាំចេញ រួមមានស្រូវសាលី រ៉ែដែក និងទឹកដោះគោ ខណៈដែលប្រទេសឥណ្ឌូណេស៊ីសង្ឃឹមថា នឹងបង្កើនការនាំចេញរថយន្ត វាយនភ័ណ្ឌ និងគ្រឿងអេឡិចត្រូនិច។កិច្ចព្រមព្រៀងនេះបើកចំហរការវិនិយោគ រួមទាំងបណ្តាសាកលវិទ្យាល័យអូស្ត្រាលីនៅឥណ្ឌូណេស៊ីផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)