នាយករដ្ឋមន្ត្រីវៀតណាមជួបពិភាក្សាការងារជាមួយសមភាគីឡាវ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០​ — នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម កាលពីថ្ងៃទី៥ ខែកក្កដា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ។

ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរបានគ្រប់គ្រងជំងឺរាតត្បាត កូវីដ-១៩ ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់បរទេសទៅកាន់ប្រទេសវៀតណាមចាប់តាំងពីការចាប់ផ្តើមរាតត្បាតជំងឺកូវីដ-១៩ ដែលបង្ហាញអំពីទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Phuc និងភ្ញៀវកិត្តិយសរបស់លោកកាលពីថ្ងៃទី៥ ខែកក្កដា បានជួបពិភាក្សាចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងពិភាក្សាអំពីវិធានការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

ម្ចាស់ផ្ទះបានស្វាគមន៍សមិទ្ធផលដែលបានកត់ត្រាដោយគណបក្ស និងប្រជាជនឡាវ ហើយបានបង្ហាញការជឿជាក់ថា ប្រទេសនេះនឹងជៀសផុតពីផលវិបាកនៃជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងនេះដែរ ភាគីជាភ្ញៀវបានសម្តែងនូវក្តីរីករាយ ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមម្តងទៀត បន្ទាប់ពីមានជំងឺ កូវីដ-១៩ ដែលត្រូវបានគ្រប់គ្រងបានយ៉ាងល្អ ហើយបានគូសបញ្ជាក់អំពីសមិទ្ធិផលដ៏អស្ចារ្យរបស់ វៀតណាម។

មេដឹកនាំឡាវបានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានផ្តល់ឧបករណ៍វេជ្ជសាស្ត្រ និងបញ្ជូនអ្នកជំនាញមកជួយប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ លោកបានពាំនាំការយកចិត្តទុកដាក់ពីអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachit និងប្រធានរដ្ឋសភាឡាវ លោក Pany Yathotou ទៅកាន់សមភាគីវៀតណាមរបស់ពួកគេ គឺលោក Nguyen Phu Trong និងលោកស្រី Nguyen Thi Kim Ngan ។

នាយករដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់ថា នាពេលអនាគត កិច្ចខិតខំប្រឹងប្រែងគួរតែត្រូវបានធ្វើឡើងដើម្បីជំរុញវិស័យពាណិជ្ជកម្មទំនិញ និងសេវាកម្ម ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពិចារណាដើម្បីបើកផ្លូវហោះហើរកាន់តែឆាប់ដែលអាចធ្វើទៅបាន រៀបចំទស្សនកិច្ចកម្រិតខ្ពស់ឡើងវិញ និងទំនាក់ទំនងនិងអ្នកដែលមានកម្រិតផ្សេងៗទៀត ព្រមទាំងបង្កើនការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកអំពីការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)