សន្ទស្សន៍ CPI របស់ប្រទេសថៃបានធ្លាក់ចុះ ១,៥៧ភាគរយនៅក្នុងខែមិថុនា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០​ — ក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានប្រកាសថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសថៃបានធ្លាក់ចុះ ១,៥៧ភាគរយនៅក្នុងខែមិថុនា បើធៀបទៅនឹងឆ្នាំមុន។

លោកស្រី Pimchanok Vonkorpon អគ្គនាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ក្រសួងនេះបាននិយាយថា ការធ្លាក់ចុះនេះ គឺតិចជាងការរំពឹងទុក និងមានភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ ៣,៤៤ភាគរយកាលពីខែឧសភា។

លោកស្រីបានសន្មតថា ការធ្លាក់ចុះនេះ គឺរួមមានការធ្លាក់ចុះ ២,៥៣ភាគរយនៅក្នុងតម្លៃមិនមែនម្ហូបអាហារ និង ១៦,១៤ភាគរយចំពោះតម្លៃប្រេងឥន្ធនៈ។

លោកស្រីបាននិយាយបន្ថែមថា សន្ទស្សន៍ CPI ត្រូវបានមើលឃើញនូវការថយចុះពីមួយឆ្នាំទៅមួយឆ្នាំគឺ ១,១៣ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ ។

អតិផរណាទំនងជាមានភាពអវិជ្ជមានរៀងរាល់ខែក្នុងឆមាសទី២ ដោយសារតែការប្រៀបធៀបមួយផ្នែកនៃតួលេខខ្ពស់កាលពីឆ្នាំមុន។ លោកស្រី Pimchanok បានបញ្ជាក់បន្ថែមថា កត្តាចម្បងដែលដាក់សម្ពាធអតិផរណា គឺវិស័យទេសចរណ៍ ព្រោះថា នឹងមិនមានភ្ញៀវទេសចរបរទេសច្រើនចូលមកប្រទេសថៃទេ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ។

ក្រសួងទេសចរណ៍ និងកីឡា បានព្យាករណ៍ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះអាចនឹងទទួលភ្ញៀវទេសចរបរទេសបានតែ ៩លាននាក់ប៉ុណ្ណោះក្នុងឆ្នាំនេះ ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងចំនួនកំណត់ត្រា ៣៩,៨លាននាក់ក្នុងឆ្នាំ ២០១៩ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)