អាជ្ញាធរស្រុកស្វាយលើបង្កើតគណៈកម្មការដោយសហការជាមួយអាជ្ញាធរអប្សរា ដើម្បីត្រួតពិនិត្យការស្នើសុំជួសជុលសាលាឆាន់អាស្រមពើងតាអេវឡើងវិញបន្ទាប់ពីរងការឆាប់ឆេះ

វិទ្យុជាតិកម្ពុជា លោក អេង យូ ភ្នាក់ងារសៀមរាប ថ្ងៃទី៦ ខែកក្កដា ឆ្នាំ្២០២០


MC. អាជ្ញាធរស្រុកស្វាយលើខេត្តសៀមរាបបានបង្កើតគណៈកម្មការដោយសហការជាមួយអាជ្ញាធរអប្សរា ដើម្បីត្រួតពិនិត្យការស្នើសុំជួសជុលសាលាឆាន់អាស្រមពើងតាអេវនៅលើកំពូលភ្នំគូលេន ឡើងវិញបន្ទាប់ពីរងការឆាប់ឆេះកាលពីពេលថ្មីៗនេះ ដើម្បីសម្រួលការលំបាកដល់ព្រះសង្ឃ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
អភិបាលស្រុកស្វាយលើបានឲ្យដឹងថា ក្រុមគណកម្មការថ្នាក់ស្រុកដែលបង្កើតឡើង តាមការណែនាំរបស់រដ្ឋបាលខេត្តកំពុងចុះពិនិត្យទីតំាង និងលទ្ធភាពជាក់ស្តែង ក្នុងការស្នើសុំបង្កើតវត្តថ្មី ឬនិងសាងសង់សមិទ្ធិផលផ្សេង នៅក្នុងអាស្រមពើងតាអេវ ដែលស្ថិតភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដែលជាទីតាំងបុរាណដ្ឋានមួយកន្លែងនៅលើកំពូលភ្នំគូលេន ដោយត្រូវអគ្គីភ័យឆាបឆេះសាលាឆាន់ កាលពីខែឧសភាកន្លងទៅ។
លោកអៀង ពិសិដ្ឋ អភិបាលនៃគណអភិបាលស្រុកស្វាយលើបានអ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានអោយដឹងថា ការសម្រេចលទ្ធផលនៃការ សាងសង់ឬជួសជុលអាស្រមពើងតាអេវនេះ គឺរងចាំលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាជាមុនសិន
ដោយសារតែទីនេះ ជាទីតាំងបុរាណដ្ឋានដែលកំពុងអភិរក្ស។
សំឡេង៖គាត់បានស្នើរសុំមកភូមិឃុំស្រុក ពេលអញ្ចឹងស្រុកមិនមានសិទ្ធិក្នុងការសម្រេចនោះទេ ទាល់តែសុំអាជ្ញាធរអប្សរាហើយតាមគោលការណែនាំរបស់ខេត្ត ជាមួយជំនាញបង្កើតគណកម្មការមួយ ចុះសិក្សាពិនិត្យលទ្ធភាពបង្កើតវត្តថ្មី និងការសាងសង់នៅក្នុងវត្ត យើងបានរៀបចំរួចរាល់ហើយ ហើយក្រុមការងារនេះកម្រិតរដ្ឋបាលស្រុក។
ពាក់ព័ន្ធនឹងបញ្ហានេះលោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានអោយដឹងថា រហូតមកដល់ពេលនេះ ក្រុមការងារជំនាញបានទទួលលិខិតស្នើសុំរបស់គណកម្មការអាស្រមពើងតាអេវរួចរាល់ហើយកាលពីអំឡុងខែឧសភា ហើយនៅក្នុងខែមិថុនា ក្រុមការងារជំនាញបានចុះពិនិត្យជាក់ស្តែងម្តងរួចមកហើយ ប៉ុន្តែលទ្ធផលយ៉ាងណាមិនអាចឆ្លើយតបភ្លាមៗបានឡើយនិងត្រូវរងចាំពិនិត្យឯកសារផ្លូវច្បាប់នៃការបង្កើតអាស្រមនោះជាមុនសិន។
លោកបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរានិងអាជ្ញាធរស្រុកស្វាយលើនិងបន្តចុះពិនិត្យទីតាំងនោះជាក់ស្តែងម្តងទៀត ដើម្បីប្រមូលឯកសារឲ្យបានគ្រប់គ្រាន់ក្នុងការដោះស្រាយ តាមសំណើររបស់គណកម្មការ។
សំឡេង៖យើងបានទទួលបានពាក្យស្នើរសុំកាលពីថ្ងៃទី១១ខែឧសភា ជាលក្ខណៈឯកជននោះទេ ដែលគាត់មកក្នុងនាមជាចាស់ព្រឹទ្ធាចារ្យ តំណាងឲ្យព្រះសង្ឃ ដូនជី ដែលគង់នៅទីនោះ ហើយក្រុមការងារបានចុះទៅពិនិត្យនៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០នេះ ហើយឃើញថានៅកន្លែងហ្នឹងមានកុដ មានស្លាកស្នាមដែលឆេះមាន តែយើងមិនទាន់បានឆ្លើយតបភ្លាមៗនោះទេ ព្រោះយើងត្រូវពិនិត្យទៅលើឯកសារផ្លូវច្បាប់ នៃការកកើតនៃអាស្រមហ្នឹង ហើយនិងទីកន្លែងហ្នឹង ហើយយើងមិនទាន់ថាបដិសេដឬមួយក៏អ្វីនោះទេហើយអាជ្ញាធរអប្សរាគោលការណ៍របស់យើងមិនបដិសេដទេបើសំណង់នោះទទួលស្គាល់ដោយច្បាប់ច្បាស់លាស់ត្រឹម សំណង់នោះក៏បម្រើផលប្រយោជន៍សាធារណៈ មិនមានបម្រើផលប្រយោជន៍បុគ្គលណាម្នាក់នោះដែរ ។
សូមជម្រាបផងដែរថាអាស្រមពើងតាអេវនេះ ត្រូវបានភ្លើងឆាបឆេះកាលពីអំឡុងខែឧសភាឆ្នាំ២០២០កន្លងទៅ ដោយសារមូលហេតុ ការអុចធូបទៀនមិនបានប្រុងប្រយ័ត្ន។
អាស្រមនេះមានទំហំប្រហែល២០ម៉ែត្រគុណនិង២០ម៉ែត្រ ជាកន្លែងសម្រាប់ធ្វើពិធីសក្ការៈបូជាផ្សេងៗ និងជាទីតាំងសាលាឆាន់របស់ព្រះសង្ឈផងដែរ។ដោយកាលពីសាងសង់ដំបូងគឺមិនមានច្បាប់អនុញ្ញាតពីអាជ្ញាធរឡើយ។ប៉ុន្តែក្រោយពីអគ្គិភ័យឆាបឆេះរួច គណៈកម្មការនៅទីតាំងបានដាក់ពាក្យស្នើសុំសាងសង់ថ្មីតាមរយៈអាជ្ញាធរស្រុករួចហើយ៕