សម្តេចតេជោហ៊ុនសែនអរគុណជនរួមជាតិដែលបន្តនាំយកទេយ្យទានគ្រឿងឧបភោគបរិភោគ និងទានព្រះវស្សាទៅប្រគេនព្រះសង្ឃតាមទីអារ៉ាមនានានៅទូទំាងប្រទេស

វិទ្យុជាតិកម្ពុជា


MC៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអរគុណជនរួមជាតិដែលបន្តនាំយកទេយ្យទានគ្រឿងឧបភោគបរិភោគ និងទានព្រះវស្សាទៅប្រគេនព្រះសង្ឃនៅទីអារ៉ាមនានា នៅទូទំាងប្រទេសកម្ពុជា ដើម្បីជាការបំនុកបំរុងដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស តាមទំនៀមព្រះពុទ្ធសាសនា។
សម្តេចតេជោហ៊ុនសែន បានសរសេរនៅក្នុងផេកហ្វេសប៊ុករបស់សម្តេចថា ខ្ញុំព្រះករុណា និងភរិយាសូមផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០។
សូមអរគុណបងប្អូនប្រជាពលរដ្ឋឧបាសកឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទេយ្យទានចង្ហាន់ជាច្រើនទៀតទៅប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។
សម្តេចតេជោហ៊ុនសែនក៏បាន សូមអរគុណសម្តេច ឯកឧត្តម លោកជំទាវ មន្រ្តីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិការគណបក្សប្រជាជនដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ ចឹល ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះដែរ សូមបងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិភាពសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនអោយបានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរអោយព្រួយបារម្ភខ្លាំងណាស់។
សូមបញ្ជាក់ថានៅពេលរសៀល០៦ ខែកក្កដានេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងនាំទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែកើម្បីចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងឆ្នាំ២០២០នេះ៕