សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវបានអនុម័តក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០–

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលមានចំនួន១២ជំពូកនិង៩០មាត្រា ត្រូវបានអនុម័តក្នុងប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវបានរៀបចំឡើង ដោយផ្អែកលើមាត្រា៥៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ដែលចែងថា “ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ មូលដ្ឋានការពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់”។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាអាទិ៍ ការកំណត់អំពីប្រភព ប្រភេទទ្រព្យសម្បត្តិរដ្ឋ របបគតិយុត្តគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បត្តិរដ្ឋច្បាស់លាស់ជាក់លាក់ ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការផ្ទេរសិទ្ធិកាន់កាប់ ការអភិរក្ស ការអភិវឌ្ឍ ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ការធ្វើអធិការកិច្ចនិងសវនកម្ម និងការកំណត់អំពីការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពើល្មើសច្បាប់នានាជាដើម។

ជាមួយគ្នានោះសេចក្តីព្រាងច្បាប់នេះ មានគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងអភិបាលកិច្ចល្អ បង្កើនប្រសិទ្ធភាព តម្លាភាព សក្តិសិទ្ធិភាព និងគណនេយ្យភាពនៃការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីជាឧត្តមប្រយោជន៍ជាតិនិងប្រជាជន រួមចំណែកឈានទៅសម្រេចគោលដៅនៃចក្ខុវិស័យឆ្នាំ២០៣០ ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕ ដោយ៖ជឹម ណារី