ក្រសួងសុខាភិបាលគ្រោងបើកមន្ទីរពិសោធន៍ចំនួន៣កន្លែងបន្ថែមទៀតនៅតាមបណ្តាខេត្ត

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៣ ០៧ ២០២០


MC៖ក្រសួងសុខាភិបាលគ្រោងបើកមន្ទីរពិសោធន៍ចំនួន៣កន្លែងបន្ថែមទៀតនៅតាមបណ្តាខេត្ត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ ឆ្លើយតបឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖….
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មន្ទីរពិសោធន៍ទំាង៣កន្លែងនេះ មាននៅខេត្តសៀមរាប បាត់ដំបង និងខេត្តកំពង់ចាម ដើម្បីបង្កភាពងាយស្រួលក្នុងធ្វើតេស្តនិងពិសោធន៍រកមេរោគផ្សេងៗ ពិសេសមេរោគកូវីដ១៩ ។ លោកជំទាវបានឲ្យដឹងថា បច្ចុប្បន្ននេះក្រសួងបានទិញសម្ភារបរិក្ខាររួចរាល់ហើយ ហើយគ្រោងនិងដាក់ឲ្យដំណើរការ មុនគេនៅមន្ទីរពិសោធន៍ក្នុងខេត្តសៀមរាប ដើម្បីបំពេញតំរូវការលើការពិនិត្យភ្ញៀវទេសចរបរទេស ដែលចូលមកក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ។ លោកជំទាវបានបញ្ជាក់ថា ការបង្កើតមន្ទីរពិសោធន៍ចំនួន៣កន្លែងបន្ថែមទៀតនេះ ដើម្បីកាត់បន្ថយការចំណាយពេលវេលាក្នុងការយកសំ ណាកមកពិនិត្យនៅរាជធានីភ្នំពេញ។
សំឡេង« អញ្ចឹងយើងអាចចំណាយពេលប្រហែលកន្លះម៉ោងនៅព្រលានយន្តហោះ យើងអាចគ្រប់គ្រងសភាការណ៍បាន យើងនិងបន្តធ្វើការងារនេះតទៅទៀត ហើយមន្ទីរពិសោធន៍យើងនិងពង្រីកនៅខេត្តសៀមរាប នៅខេត្តបាត់ដំបង ហើយនិងកំពង់ចាម យើងនិងពង្រីក៣ខេត្តទៀត ឥលូវយើងចាប់ផ្តើមខេត្តសៀមរាបមុន សម្ភារបរិក្ខារ យើងបានធ្វើការបញ្ជារទិញតាមរយៈគម្រោង ធានាគារពិភពលោកដែលក្រសួងសុខាភិបាលដែលគ្រប់គ្រងយើងបានបញ្ជារទិញហើយ ហើយមកដល់ហើយនៅខេត្តសៀម យើងនិងចាប់ផ្តើមពង្រីកមន្ទីរពិសោធន៍ ឲ្យមានសមត្ថភាព ឲ្យមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការពិនិត្យរកមេរោគកូវីដ១៩នៅខេត្តសៀមរាប ដូច្នេះកាលណាយើងមានទីតាំងនៅខេត្តសៀមរាបយើងអាចជួយ រំលែកការងារក្នុងការធ្វើតេស្តបានច្រើន ហើយតិចទៀតយើងនិងធ្វើនៅបាត់ដំបង កំពង់ចាម ដូច្នេះខ្ញុំគិតថាយើងនិងប្រឹងអស់លទ្ធភាព នៅក្នុងការគ្រប់គ្រងសភាពការណ៍ឲ្យបាន គ្រប់អ្នកដំណើរដែលចូលមកប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍ » ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន១៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយកើនដល់១៣១នាក់ ខណៈនៅសល់អ្នកជំងឺ១០នាក់កំពុងសម្រាកព្យាបាល ផងដែរ ៕