ក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរមូលដ្ឋាន ចូលរួមអនុវត្តវិធានការឆ្លើយតបកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឲ្យមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា៖ លោកស្រ ធីណា ឌីណេ០៣.០៧.២០២០


MC៖ ក្រសួងមហាផ្ទៃ ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវជំរុញរដ្ឋបាល ឃុំ សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្ន ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ឲ្យមានប្រសិទ្ធភាពខ្ពស់។
យោងតាមលិខិតរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលវិទ្យុជាតិ ទទួលបាននៅថ្ងៃទី៣ ខែកក្កដានេះ បានបញ្ជាក់ថា ដើម្បីធានានិរន្តរភាពក្នុងការទទួលអត្ថប្រយោជន៍របស់អ្នកទទួលផល នៅក្នុងស្ថានភាពលំបាកឬគ្រោះអាសន្ន ក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ១៩ អភិបាលរាជធានី-ខេត្ត ត្រូវជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ចូលរួមអនុវត្តវិធានការ ការឆ្លើយតបទៅនឹងគ្រោះអាសន្ន ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដូចជា ទី១៖ បង្កើនកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការផ្សព្វផ្សាយអំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំឲ្យមានប្រសិទ្ធភាព។ ទី២៖ អនុវត្តការងារពិនិត្យ និងប្រមូលទិន្នន័យស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជាការងារអាទិភាព ដើម្បីផ្ទៀតផ្ទាត់លើគុណវុឌ្ឍិដែលត្រូវទទួលផល និងជំរុញការចុះឈ្មោះទៅក្នុងកម្មវិធីឲ្យបានគ្របដណ្ដប់ជាអតិបរមា។
ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវជួយតាមដាន និងណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕