រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានចាត់វិធានការ លើមន្ដ្រី ឃុំ-សង្កាត់មួយចំនួន ដែលមានភាពមិនប្រក្រតី ក្នុងការចែកបណ្ណសមធម៌ជូនគ្រួសារក្រីក្រ

វិទ្យុជាតិកម្ពុជា: លោកស្រី ធីណា ឌីណេ០៣.០៧.២០២០


MC៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានចាត់វិធានការ លើមន្ដ្រី ឃុំ-សង្កាត់មួយចំនួន ដែលមានភាពមិនប្រក្រតី ក្នុងការចែកបណ្ណសមធម៌ជូនគ្រួសារក្រីក្រ ដើម្បីធានាតម្លាភាពក្នុងការផ្តល់ការជួយសង្គ្រោះ ជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ តាមបំណងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍……..
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួល ស្គាល់ថា មានមន្ដ្រីឃុំ-សង្កាត់ មួយចំនួនបានធ្វើការងារ មិនប្រក្រតីក្នុងការ ចែកបណ្ណជូនចំពោះគ្រួសារក្រីក្រ ហើយក្រសួងក៏បានធ្វើការណែនាំពួកគាត់ផងដែរ ជាពិសេសក្រសួងក៏បានធ្វើលិខិតទៅក្រសួងមហាផ្ទៃរួចហើយដែរ ដើម្បីអនុវត្តកិច្ចការងារនេះទៅតាមផ្លូវច្បាប់ ។ ឯកឧត្តមក៏បានអំពាវនាវ មន្ដ្រី ឃុំ-សង្កាត់ មិនត្រូវយកលុយកាកពីប្រជាពលរដ្ឋក្រីក្រឡើយ ត្រូវធ្វើទៅដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ និងកុំប្រកាន់បក្សពួក ឬនិន្នាការនយោបាយ។
«សំឡេង៖ នៅព្រៃវែង កំពង់ឆ្នាំង និងបន្ទាយមានជ័យ មានករណីមន្ត្រីដែលបំពេញការងាររបស់យើង ទៅបង្គាប់ពួកគាត់ដើម្បីយកលុយក្រៅគោលការណ៍ ក្រោយពីត្រួតពិនិត្យហើយយើងបានរំលឹកពួកគាត់តាមនីតិវិធី ប៉ុន្តែយើងក៏បានធ្វើលិខិតទៅតាមផ្លូវការទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យគាត់ចាត់ការតាមនីតិវិធី។ ដូចដែរបានដឹងហើយ បើតាមប្រសាសន៍សម្ដេចតេជោកាលពីពេលថ្មីៗនេះ ថានរណាដោយអនុវត្តមិនត្រឹមត្រូវ សម្តេចនឹងមិនលើកលែងឡើយ។ អញ្ចឹងយើងត្រូវអនុវត្តតាមផ្លូវច្បាប់ ប៉ុន្តែកម្រិតប៉ុណ្ណាវាជាសមត្ថកិច្ចរបស់ស្ថាប័នដែលជាខ្សែបណ្ដោយរបស់គាត់ចាប់ការតាមផ្លូវច្បាប់ ដើម្បីតម្លាភាព ប្រសិទ្ធភាព និងក្រុមគោលដៅរបស់យើង ទទួលផលពិតប្រាកដ ដោយអត់មានបង់សេវាក្រៅពីអ្វីដែលរដ្ឋបានទទួលខុសត្រូវ។»
កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន ព្រមានចាត់វិធានការក្ដៅដោយគ្មានការលើកលែង ទៅកាន់អាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតី ក្នុងការផ្ដល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ។ សម្ដេចតេជោ ហ៊ុន សែនបានអៈអាងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩ ដើម្បីដោះស្រាយទុក្ខលំបាករបស់ ពួកគាត់កុំឲ្យប្រឈមនឹងការដាច់ដាច់បាយ ឬខ្វះខាតនៅក្នុងជីវភាពប្រចាំថ្ងៃ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ មានគ្រួសារក្រីក្រជាង៤២ម៉ឺនគ្រួសារហើយ បានទទួល ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ស្មើនឹង៨១ភាគរយ នៃគ្រួសារក្រីក្រជាង ៥៦ម៉ឺនគ្រួសារ។ ដោយឡែកចំពោះខែកក្កដាវិញ ក្រសួងផែនការ ក្រសួងសង្គមកិច្ច និងក្រសួងពាក់ព័ន្ធមួយ ចំនួនទៀត នឹងរៀបចំឯកសារ ទទួលស្គាល់គ្រួសារក្រីក្រ ដែលស្នើសុំថ្មី ៕