ក្រសួងពាណិជ្ជកម្មផ្តល់ថវិកាសរុបជិត១ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជា

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៣ ០៧ ២០២០


MC: ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ ថវិកាសរុបជិត១ម៉ឺនដុល្លារអាមេរិក ត្រូវបានផ្តល់ដល់កាកបាទក្រហមកម្ពុជា ដើម្បីត្រៀមទុកជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។
ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា សប្បុរសធម៌ដែលបានពីការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មនេះ មានប្រាក់រៀលចំនួន៣៨.៥០១.០០០រៀល និង៣៥០ដុល្លារ។
ថ្លែងក្នុងពិធីប្រគល់ថវិកាទាំងនេះដល់កាកបាទក្រហមកម្ពុជានៅទីស្នាក់ការកណ្តាល កាលពីព្រឹកថ្ងៃទី៣ ខែកក្កដានេះ ឯកឧត្តម បានឱ្យដឹងថា នេះជាលើកទី១៥ហើយ ដែលក្រសួងពាណិជ្ជកម្មបាននាំយកថវិការបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានចាត់ទុកការចូលរួមថវិកានេះ ជាការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ចំពោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម៕