ប្រទេសរុស្ស៊ីមិនដែលបញ្ជូនអាវុធទៅឱ្យតាលីបង់ទេ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០​ — នៅមុននេះបន្តិច អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Zamir Kabulov បាននិយាយថា គ្មានភ័ស្តុតាងពាក់ព័ន្ធនឹងការអះអាងអំពី «ការឃុបឃិត» របស់ទីក្រុងមូស្គូជាមួយពួកតាលីបង់ទេ ហើយមានតែការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរុស្ស៊ីទៅលើបញ្ហានេះតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីម្នាក់ទៀត លោកស្រី Maria Zakharova បានបញ្ជាក់ថា ទីក្រុងមូស្គូមិនដែលបានបញ្ជូនអាវុធទៅឱ្យពួកតាលីបង់ទេ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងភ្លាមៗបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Zamir Kabulov បានគូសបញ្ជាក់ថា មិនមានភ័ស្តុតាងពាក់ព័ន្ធនឹងការអះអាងអំពី «ការឃុបឃិត» របស់ទីក្រុងមូស្គូជាមួយក្រុមតាលីបង់ទេ ហើយមានតែការចោទប្រកាន់ដែលគ្មានមូលដ្ឋានប្រឆាំងនឹងរុស្ស៊ីទៅលើបញ្ហានេះតែប៉ុណ្ណោះ។

លោកស្រី Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដោយអត្ថាធិប្បាយទៅលើសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ដែលបានចោទប្រកាន់រុស្ស៊ីថា បានលក់អាវុធធុនតូចទៅឱ្យអាហ្វហ្គានីស្ថានក្នុងរយៈពេល ១០ឆ្នាំនេះ ដោយលោកបាននិយាយថា «ដែលនេះជាហេតុធ្វើឱ្យជនជាតិអាម៉េរិករស់នៅដោយមានហានិភ័យ»។

លោក Pompeo បាននិយាយថា «យើងជំទាស់ទៅនឹងរឿងនេះ។ រាល់ពេលដែលខ្ញុំបានជួបជាមួយសមភាគីរុស្ស៊ីរបស់ខ្ញុំ ខ្ញុំបាននិយាយអំពីរឿងនេះថា «សូមបញ្ឈប់វាទៅ»។

សម្រាប់ភាគីរុស្ស៊ី លោកស្រី Zakharova បានសង្កត់ធ្ងន់ថា​ លោក Pompeo មិនដែលពិភាក្សាអំពីការបញ្ជូនអាវុធទៅក្រុមតាលីបង់ក្នុងពេលពិភាក្សាជាមួយលោក Lavrov ឡើយ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)