កូរ៉េខាងត្បូង នឹងសហរដ្ឋអាមេរិក ពិភាក្សាគ្នាអំពីក្តីបារម្ភជុំវិញប្រតិបត្ដិការ របស់ក្រុមការងារចំពេលដែលមានការរិះគន់របស់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ អ្នកការទូតកំពូលរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការនៃវេទិការបស់ «ក្រុមការងារ» ទ្វេភាគី ដែលត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួលគោលនយោបាយកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងថ្កោលទោសវេទិកានេះថា ជាឧបសគ្គដ៏សំខាន់មួយចំពោះកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ។

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បាននិយាយថា ប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង លោក Lee Do-hoon បានពិភាក្សាអំពីបញ្ហានេះនៅពេលដែលលោកបានធ្វើទស្សនកិច្ចទៅទីក្រុងវ៉ាស៊ីនតោនកាលពីខែមុន ដើម្បីពិភាក្សាជាមួយសមភាគីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Stephen Biegun និងមន្រ្តីអាម៉េរិកដទៃទៀត។

ដំណើរទស្សនកិច្ចរបស់លោក Lee ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីកូរ៉េខាងជើងបានបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ហើយលោកស្រី គីម យូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំងចំពោះទីក្រុងសេអ៊ូល ចំពោះការខកខានមិនបានបន្តកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ដោយឯករាជ្យពីសហរដ្ឋអាមេរិក ខណៈដែលលោកស្រីត្រូវបានដកស្រង់សម្តីដែលបាននិយាយថា ក្រុមការងារនេះ គឺជាឧទាហរណ៍ដ៏សំខាន់មួយនៃឫសគល់នៃការធ្លាក់ចុះនេះ។

លោកស្រី Kang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ក្រសួងការបរទេសកូរ៉េខាងត្បូងបានវាយតម្លៃរួចហើយ ហើយសហរដ្ឋអាមេរិកក៏ដូចគ្នា – ដូច្នេះក្រុមការងារនេះបានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ប៉ុន្តែយើងក៏ដឹងអំពីការព្រួយបារម្ភក្នុងស្រុកផងដែរចំពោះរឿងនេះ»។

លោកស្រីបាននិយាយអំពីដំណើរទស្សនកិច្ចរបស់លោក Lee ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា «ខ្ញុំត្រូវបានគេផ្តល់ដំណឹងថា នៅពេលដំណើរទស្សនកិច្ចរបស់អ្នកតំណាងពិសេសរបស់យើងនៅសហរដ្ឋអាមេរិក យើងបានចែករំលែកជាមួយការយល់ឃើញនៃបញ្ហាបែបនេះជាមួយភាគីអាម៉េរិក នឹងបានពិភាក្សាពីវិធីកែលម្អរបៀបដែលក្រុមការងារនេះប្រតិបត្តិការដើម្បីបំបាត់កង្វល់បែបនេះ»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)