ក្រុមប្រឹក្សាសន្តិសុខជាតិប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពជាអចិន្ត្រៃយ៍នៅកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០​ — ការិយាល័យ Cheong Wa Dae បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ បណ្តាមន្ត្រីសន្តិសុខជាតិកំពូលរបស់ប្រទេសកូរ៉េខាងត្បូងបានពិភាក្សាគ្នាអំពីបញ្ហាប្រទេសកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ប្រចាំសប្តាហ៍របស់ពួកគេ នឹងបានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព អចិន្រ្តៃយ៍នៅលើឧបទ្វីបមួយនេះ។

សមាជិកនៃគណៈកម្មាធិការអចិន្រ្តៃយ៍របស់ NSC បានពិភាក្សាគ្នាអំពី «លក្ខខណ្ឌសន្តិសុខនាពេលបច្ចុប្បន្ន» ដែលពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើង នឹងបានសម្រេចបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ ការកើនឡើងនូវភាពតានតឹង និងនាំមកនូវសន្តិភាពយូរអង្វែងដល់ប្រទេសកូរ៉េ។

ពួកគេក៏បានពិនិត្យមើលអំពីវឌ្ឍនភាពនៃកិច្ចចរចាដែលអូសបន្លាយជាមួយរដ្ឋបាលលោក ដូណាល់- ត្រាំ ស្តីពីថវិកាបដិភាគនៃវិស័យការពារជាតិ សម្រាប់កងកម្លាំងអាម៉េរិកចំនួន ២៨.៥០០នាក់ ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង។

ការិយាល័យ Cheong Wa Dae បាននិយាយដោយមិនលម្អិតនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលមាន ៣ កថាខ័ណ្ឌ ស្តីពីលទ្ធផលនៃសម័យប្រជុំដែលដឹកនាំដោយលោក Chung Eui-yong ប្រធានការិយាល័យសន្តិសុខជាតិថា ពួកគេបានបញ្ជាក់អំពីផែនការបន្តកិច្ចពិគ្រោះយោបល់ជិតស្និទ្ធរវាងសម្ព័ន្ធមិត្តសម្រាប់កិច្ចព្រមព្រៀងដំបូងមួយ។

ចំពោះកិច្ចពិភាក្សាជាមួយបណ្តាមេដឹកនាំនៅសហភាពអឺរ៉ុបក្នុងកិច្ចប្រជុំកំពូលនិម្មិតមួយកាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានលើកឡើងអំពីតម្រូវការសម្រាប់លោក ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីធ្វើកិច្ចពិភាក្សាមួយទល់មួយម្តងទៀត មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅដើមខែវិច្ឆិកាខាងមុខនេះ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)