គម្រោងកែលំអសួននៅមុខប្រាសាទអង្គរវត្តអនុវត្តបានប្រមាណ៦០%ហើយ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា លោក អេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០


MC៖ គម្រោងកែលំអសួននៅមុខប្រាសាទអង្គរវត្តអនុវត្តបានប្រមាណ៦០%ហើយ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០០២០ ដែលជួយលើកកម្ពស់សោភ័ណរម្មណីដ្ឋានមុខអង្គរកាន់តែស្រស់ស្អាតនិងមានភាព បៃតងដែលជាទីទាក់ទាញភ្ញៀវទេសចរ។
អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍បន្ថែម។
ក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹករៀបចំសួនច្បារដាំស្មៅដាំផ្កានិងដើមឈើនៅខាងមុខបរិវេណប្រាសាទអង្គរវត្ត ដើម្បីពន្លឿនការកែប្រែបរិវេណនេះឱ្យក្លាយទៅជាសួនច្បារបៃតងប្រកបដោយភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាកំសាន្ត និងថតរូបអនុស្សាវរីយ៍ស្អាតៗ។
លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ប្រាប់ក្រុមការងារអ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាអោយដឹងថា គម្រោងកែលំអសួនច្បារខាងមុខបរិវេណប្រាសាទអង្គរវត្តនាពេលបច្ចុប្បន្ននេះ ដំណើរការបានប្រមាណ៦០ភាគរយហើយ ដោយក្រុមការងារជំនាញបានចាប់ផ្តើមអនុវត្តគម្រោងនេះតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ។លោកបន្តថា ការរៀបចំសួនច្បារខាងមុខបរិវេណប្រាសាទអង្គរវត្តនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព គុណភាព និងជំរុញអោយមានការចូលមកទស្សនា ក្នុងរមណីដ្ឋានអង្គរទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាដើម។
សំឡេង៖គម្រោងចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ អ្វីដែលជាសារៈសំខាន់នៅក្នុងការងារនេះ គឺលើកម្ពស់សោភ័ណភាព និងគុណភាពសេវាកម្មទេសចរណ៍ឲ្យមានភាពទាក់ទាញ ធ្វើការជំរុញឲ្យមានការអញ្ជើញមកទស្សនា នៅរម្មណីដ្ឋានអង្គរពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ហើយអ្វីដែលសំខាន់បំផុតបង្កើននៅទំនុកចិត្ត សេវាកម្មទេចរណ៍ដែលមានគុណភាពសម្រាប់គាត់មកទស្សនា។ បើនិយាយរួមការងារជាច្រើនដែលយើងបានធ្វើ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ក្រោយជំងឺកូវីដថមថយទៅវិញ។
លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបន្ថែមទៀតថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែមានគម្រោងកែលម្អសួននេះប៉ុណ្ណោះទេ គឺមានគម្រោងជាច្រើនទៀតដែលក្រុមការងារបច្ចេកទេសកំពុងអនុវត្តគឺ កិច្ចការងារជួសជុលផ្លូវថ្នល់ ទាំងបរិវេណវង់តូច និងបរិវេណវង់ធំ និងកិច្ចការងារអភិរក្សប្រាង្គប្រាសាទមួយចំនួនទៀត និងការងារពង្រីកគម្របព្រៃឈើ ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរ ដែលកិច្ចការទាំងនេះគឺជារបបគំហើយថ្មីៗ ក្នុងការផ្តល់ព័ត៌មានបែបវិទ្យាសាស្ត្រ និងព័ត៌មានបែបបុរាណវិទ្យា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្រោយជំងឺកូវីដ១៩បានថមថយ។
លោកតុលា រស់នៅក្នុងក្រុងសៀមរាប មានមុខរបរជាអ្នកដឹកភ្ញៀវទេសចរ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ការរៀបចំសួនច្បារនិងការដាំដើមឈើនៅបរិវេណមុខប្រាសាទអង្គរនេះ ពិតជាបានធ្វើឲ្យបរិវេណ និងតំបន់មុខប្រាសាទអង្គរ មានទេសភាពបៃត និងទាក់ទាញអារម្មណ៍ភ្ញៀងទេសចរណ៍។
សំឡេង៖ចំពោះការរៀបចំសួនច្បារនៅមុខប្រាសាទអង្គរវត្តនេះ និងធ្វើឲ្យមានភាពទាក់ទាញភ្ញៀវទេសចរ ជាតិនិងអន្តរជាតិកាន់តែច្រើន ហើយការដាំនេះនិងធ្វើឲ្យទេសភាពនៅមុខប្រាសាទអង្គរវត្តយើងកាន់តែស្អាត។
សូមបញ្ជាក់ថា គម្រោងរៀបចំសួនច្បារមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមតាំងពីដើម្បីឆ្នាំ២០២០មក ហើយនិងធ្វើការបញ្ចប់ការអនុវត្តគម្រោងនៅចុងឆ្នាំ២០២០ខាងមុខនេះ។