សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា រឿងដីធ្លីដល់ពេលត្រូវជម្រះគ្នាម្តងហើយ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជៀង យ៉ារ៉េត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងឳកាសបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣ ខែកក្កដា នេះថា បញ្ហាដីធ្លីដល់ពេលដែលត្រូវតែជម្រះនិងត្រូវវះកាត់ហើយ។
យោងតាមប្រសាសន៍របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ មន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការថ្លែងរបស់សម្តេចតេជោ គឺជាប់ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ឯកឧត្តម ខៀវ កាញារីទ្ធ បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់លើផេកFacebook របស់លោកថា «រឿងដីធ្លីត្រូវតែជំរះគ្នាម្តង។ ពេលនេះជាពេលដែលត្រូវធ្វើការវះ កាត់ហើយ»។
សូមបញ្ជាក់ថា វិវាទដីធ្លីនៅស្រុកគាស់ក្រឡរវាងឧកញ៉ា សង ថន និងប្រជា ពលរដ្ឋ បានក្លាយទៅជាព្រឹត្តិការណ៍ចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានមហាជនក្នុងសប្តាហ៍កន្លងទៅនេះ។
វិវាទដីធ្លីនេះនាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាល ស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។
ជាមួយគ្នានេះលោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបងម្នាក់ គឺលោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅមកសួរនាំផងដែរ៕