រដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ីពង្រីកការរឹតបន្តឹងសង្គមទ្រង់ទ្រាយធំ ចំពេលដែលមានជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០​ — អភិបាលក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ី លោក Anies Baswedan បានប្រកាសថា រដ្ឋធានីនេះកំពុងពង្រីកការរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់នៅក្នុងទីក្រុងរយៈពេល ១៤ថ្ងៃ នឹងរឹតបន្តឹងការត្រួតពិនិត្យនៅតាមទីផ្សារប្រពៃណី និងសេវាកម្មរថភ្លើង។

លោក Anies បាននិយាយថា រដ្ឋបាលទីក្រុងនេះបានសម្រេចរក្សាការរឹតបន្តឹងសង្គមទ្រង់ទ្រាយធំរបស់ខ្លួនរហូតដល់ថ្ងៃទី១៥ ខែកក្កដា បន្ទាប់ពីពិនិត្យមើលស្ថានភាពនៃជំងឺរាតត្បាតនៅក្នុងទីក្រុងហ្សាការតានេះជាមួយនឹងក្រុមការងារនៃជំងឺកូវីដ-១៩ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ិនធើណេតមួយ លោកបានលើកឡើងអំពីភាពចាំបាច់សម្រាប់ទីក្រុងហ្សាការតា ដើម្បីកែលម្អវិន័យរបស់សាធារណៈជន ក្នុងការប្រើប្រាស់របាំងបិទមុខ ការលាងដៃឱ្យបានទៀងទាត់ និងរក្សាគម្លាតសង្គម ដើម្បីកាត់បន្ថយចំនួននៃការឆ្លងជំងឺនេះក្នុងករណីដែលមានការបន្ធូរបន្ថយវិធានការរឹតត្បិតនាពេលខាងមុខ។

នេះជាលើកទី ៥ ហើយដែលទីក្រុងហ្សាការតាបានពង្រីក PSBB របស់ខ្លួនចាប់តាំងពីថ្ងៃទី ១០ ខែមេសា មក។

តាមការគ្រោងទុក រដ្ឋបាលទីក្រុងនេះនឹងដាក់ពង្រាយកងកម្លាំងប៉ូលិស និងមន្រ្តីរដ្ឋបាល ដើម្បីត្រួតពិនិត្យការអនុវត្តពិធីសារសុខភាពនៅតាមទីផ្សារប្រពៃណី និងនៅលើរថភ្លើងដឹកអ្នកដំណើរ ព្រោះកន្លែងទាំងនោះបានក្លាយជាកន្លែងនៃការចម្លងជំងឺដ៏សំខាន់។

គិតត្រឹមថ្ងៃទី១ ខែកក្កដា ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៧.៧៧០ករណី ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ២.៩៣៤នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)