ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងរួមទំាង អង្គការសេប៉ាពង្រឹងសមត្ថភាពប្រជាសហគមន៍នេសាទលើកិច្ចការពារជីវៈចម្រុះនិងត្រីមេពូជ

វិទ្យុជាតិកម្ពុជា គឹមហឿនស្ទឹងត្រែង០៣ ០៧ ២០២០


MC៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងសហការជាមួយអង្គការសហគមន៍ ថែរក្សាបរិស្ថាន និងវប្បធម៌ហៅកាត់ថា( សេប៉ា ) បានរៀបចំយន្តការពង្រឹងសមត្ថភាពសមាជិកសហគមន៍នេសាទនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងឲ្យមានសមត្ថភាព ដើម្បីគ្រប់គ្រងធនធានជីវចំរុះ និងពង្រឹងកិច្ចការពារត្រីមេពូជនៅតាមតំបន់រ៉ាមសារ ។
ក្នុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការលប់បំបាត់បទល្មើសជលផលនៅវត្តអូរស្វាយឃុំអូរស្វាយ ស្រុកបូរីអូស្វាយសែនជ័យ លោកទុំ នីរូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបញ្ជាក់ថាៈ សមាជិកសហគមន៍នេសាទក៍ដូចជាបងប្អូនប្រជាពលរដ្ឋយើងដែលមានមូលដ្ឋាននៅជាប់និងភូមិសាស្រ្តទន្លេមេគង្គលើ ត្រូវបង្កើនឆន្ទៈចូលរួមជាមួយសមត្ថកិច្ចជំនាញ ក្លាហាន ហ៊ានបង្ហាញភូមិសាស្ត្រ បង្ហាញមុខសញ្ញា និងពន្លឿនការផ្តល់ព័ត៌មានឲ្យបានរហ័ស ប្រសិនបើមានបទល្មើសនេសាទ នៅតំបន់ណាមួយ កើតឡើង។
លោកនាយខណ្ឌបានពន្យល់ថា៖នៅតាមតំបន់រ៉ាមសារទន្លេមេគង្គលើយើងនេះមានពពួកត្រីសំខាន់ៗរស់នៅ-ត្រីរាជ-ត្រីគល់រាំង-ត្រីត្រសក់-ត្រីប្រាធំ-ត្រីព្រួល -ត្រីព្រលូង – ត្រីប៉ាស៊ីអ៊ី – ត្រីប៉ាវ៉ា -ត្រីខ្យា- ត្រីសណ្តាយ- ត្រីឆ្កោក- ត្រីក្របី។ល។ ដែលកំពុងរងគ្រោះថ្នាក់និងទាមទារឱ្យមានការចូលរួមធ្វើការអភិរក្សពីបងប្អូនទាំងអស់គ្នា។
លោកភឿង មឿងឃុន មេឃុំអូរព្រះរំកិល បានបញ្ចាក់ ថា៖ប្រជាអ្នកនេសាទភាគច្រើនគាត់បានយល់ដឹងពីច្បាប់ជលផលហើយ តែនៅមានជនខិលខូចមួយចំនួនដែលចេះតែលួចលាក់ធ្វើសកម្មភាពបទល្មើស នេសាទខុសច្បាប់នេះ។ លោកបន្តថា៖រាល់បទបទល្មើសឆក់និងគប់គ្រាប់បែកពិតជានៅកើតមាន ហើយមន្ត្រីជំនាញពាក់ព័ន្ធចុះបង្ក្រាបជារឿយៗតែនៅតាមដងទន្លេមេគង្គនៃតំបន់រ៉ាមសារនេះ។
លោកវ៉ាន់លន់ប្រធានសហគមន៍នេសាទកោះស្នែងកត់សំគាល់ថា៖តំបន់ប៉ែកខាងលើនេះមានភូមិសាស្រ្តមួយចំនួនជួបការលំបាក ហើយបទល្មើសភាគច្រើនជនខិលខូចធ្វើសកម្មភាពនៅពេលយប់។ បញ្ហានេះគួរតែសមត្ថកិច្ចពាក់ពន្ធ័ផ្នែកច្បាប់ ជួយរួមគិតគូរផង។
សូមបញ្ជាក់ថា៖ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ មន្ត្រីជំនាញផ្នែកជលផលបានប្រតិបត្តិការបង្ក្រាបបទល្មើស ឆក់ បាន០៧ករណី ដកហូតបានឧបករណ៍ឆក់បាន០៦សំរាប់- ដកហូតមង១៤៣ត្បូង ស្មើនិងប្រវែង ៣៥០០០ម៉ែត្រ អប់រំអ្នកនេសាទបាន២.៨៦០នាក់ ឃាត់ខ្លួនជនល្មើសបាន៤នាក់ រត់រួច០៥នាក់ ។