ប្រទេសវៀតណាមចង់ឱ្យហុងកុងមានស្ថិរភាព និងមានការរីកចម្រើន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០​ — អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយថា ប្រទេស  វៀតណាមចង់ឱ្យទីក្រុងហុងកុងមានស្ថិរភាព និងបន្តនូវការរីកចម្រើន។

លោកស្រីបានធ្វើសេចក្តីថ្លែងការណ៍ដូចនេះ នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយ របស់ក្រសួងនេះ នៅទីក្រុងហាណូយកាលពីថ្ងៃទី២ ខែកក្កដា នៅពេលដែលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ ស្តីពីការអនុម័តច្បាប់សន្តិសុខជាតិថ្មី នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) នៅឯសម័យប្រជុំលើកទី២០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន (អាណត្តិទី ១៣) ។

លោកស្រី Hang បាននិយាយថា ប្រទេសវៀតណាមកំពុងតាមដានស្ថានការណ៍នៅហុងកុង ហើយជំហររបស់ខ្លួនទៅលើស្ថានការណ៍នេះត្រូវបានបញ្ជាក់យ៉ាងច្បាស់។

ប្រទេសវៀតណាមគោរព និងគាំទ្រគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» របស់ប្រទេសចិន ច្បាប់មូលដ្ឋានរបស់ហុងកុង និងយន្តការពាក់ព័ន្ធនានា ដោយលោកស្រីបាននិយាយបន្ថែមថា បញ្ហាដែលទាក់ទងនឹងហុងកុង គឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន។

ដោយត្រូវបានសួរអំពីទស្សនៈរបស់វៀតណាមចំពោះរបាយការណ៍ដែលថា ប្រទេសជាច្រើនមានបំណងអនុញ្ញាតឱ្យប្រជាជនមកពីហុងកុង (ចិន) រស់នៅទីនោះ លោកស្រីបានសង្កត់ធ្ងន់ថា វៀតណាមសង្ឃឹមថា ស្ថានភាពនៅហុងកុងនឹងមានស្ថិរភាពក្នុងពេលឆាប់ៗនេះ ហើយហុងកុងនឹងបន្តរីកចម្រើនជាមជ្ឈមណ្ឌលសេដ្ឋកិច្ចហិរញ្ញវត្ថុដ៏សំខាន់មួយនៅក្នុងតំបន់ និងក្នុងពិភពលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)