មន្ទីរកសិកម្មខេត្តឧត្តរមានជ័យគ្រោងសហការជាមួយក្រុមហ៊ុនឯកជនដើម្បីទទួលទិញស្រូវពីកសិករ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC ៖ មន្ទីរកសិកម្មខេត្តឧត្តរមានជ័យគ្រោងសហការជាមួយក្រុមហ៊ុនឯកជនដើម្បីទទួលទិញស្រូវពីកសិករ ដើម្បីជួយដោះស្រាយទីផ្សារស្រូវអង្កររបស់កសិករកុំអោយសល់ជន់ជោរឬគ្មានទីផ្សារ ។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យមានប្រសាសន៍ថា បច្ចុប្បន្ននេះមន្ទីរបានព្រាងឯកសារ ដើម្បីឈានទៅចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជនមួយ ដោយកំពុងសិក្សាទៅលើលក្ខន្តិកៈមួយចំនួន ដែលនឹងអាចបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករទាក់ទងទៅនឹងតម្លៃទីផ្សារ ស្រូវនៅពេលដែលប្រមូលផលរួច ។
លោកបញ្ជាក់ថា គម្រោងនេះ គឺជាការធ្វើកសិកម្មតាមបែបកិច្ចសន្យា ដែលអាចជួយឲ្យកសិករ ធានាបានតម្លៃ និងការទទួលទិញទៅតាមផែនការដែលបានព្រមព្រៀង។
សំឡេង ៖« ឥឡូវនេះយើងកំពុងតែព្រាងឯកសារដើម្បីធ្វើកិច្ចសន្យាមួយ ជាមួយក្រុមហ៊ុនអាហ្គ្រីប៊ី ហើយកំពុងតែឆ្លងឆ្លើយគ្នាអំពីលក្ខន្តិកៈនេះគឺនៅមិនទាន់ចប់ ដោយត្រូវអូសបន្លាយដល់ខែ៧ ព្រោះជាធម្មតាខែ១០ទើបអាចបានច្រូតគឺយើងធ្វើការសិក្សាទៅលើតម្លៃគោលគឺមួយពាន់ជាង ដែលនេះគឺជាតម្លៃស្រូវសើមក្នុង១គីឡូក្រាម » ។
ជាមួយគ្នានោះលោកប្រធានមន្ទីរបានបន្តថា កសិករនៅខេត្តឧត្តរមានជ័យ បានបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានប្រមាណជាង៨ម៉ឺនហិកតា លើផ្ទៃដីសរុបជិត១០ម៉ឺនហិកតា ដែលនៅសល់ប្រមាណតែជិត១០ភាគរយទៀតប៉ុណ្ណោះនឹងរួចរាល់ហើយ ដោយសារឆ្នាំនេះមានអំណោយផលទឹកភ្លៀងពីធម្មជាតិ ភ្លៀងធ្លាក់មុនរដូវវស្សាចូលមកដល់ ។
លោកបានបញ្ជាក់ថា ប្រជាកសិករភាគច្រើនបានជ្រើសរើសយកប្រភេទស្រូវកណ្តាល ព្រោះជាប្រភេទស្រូវមិនប្រកាន់រដូវ ទទួលបានទន្និផលខ្ពស់ មានក្លិនក្រអូប ជាពិសេសជាពូជមានតម្លៃខ្ពស់នៅលើទីផ្សារជាតិនិងអន្តរជាតិ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេស សម្រេចការស្ទូងនិងព្រួសបាន ១,៧៩១,៩៦៤ ហិិកតា ស្មើនឹង ៦៩,២៤% នៃផែនការចំនួន ២,៥៨៨,១៣០ហ.ត លើសឆ្នាំមុន ៣៣៧,៥៩១ហិិកតា៕