រដ្ឋបាលខេត្តកំពង់ចាមមានផែនការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រឲ្យបានច្រើននៅក្នុងខេត្ត

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស
MC : រដ្ឋបាលខេត្តកំពង់ចាមមានផែនការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រឲ្យបានច្រើននៅក្នុងខេត្តដើម្បីធានាជួយដល់កសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងការបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម” នាទីស្តីការគណ:រដ្ឋមន្រ្តី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ទោះបីបច្ចុប្បន្ននៅក្នុងខេត្តមានប្រព័ន្ធធារាសាស្ត្រសរុបចំនួនរហូតដល់ទៅ ២៦១ កន្លែង ក៏ដោយ ប៉ុន្តែខេត្តនៅតែពង្រីកប្រព័ន្ធធារាស្រ្តឲ្យបានច្រើនខ្សែបន្ថែមទៀតដើម្បី សម្រាប់ទុកបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការស្រោចស្របផលដំណាំរបស់ពួកគាត់ ។ឯកឧត្តមបានបញ្ជាក់ថា គម្រោងផែនការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តឲ្យបានច្រើននេះ ដោយសារតែរដូវប្រាំងកន្លងទៅប្រជាកសិករបានជួបប្រទះបញ្ហាប្រឈមខ្វះទឹកធ្វើស្រែ គឺអាស្រ័យទៅលើភ្លៀង ហើយប្រភពទឹកនៅកន្លែងឆ្ងាយ ដែលមន្ត្រី ក្រសួងធនធានទឹកមានការលំបាកក្នុងការអូសប្រព័ន្ធផ្លូវទឹកនេះ មកកាន់ស្រែរបស់កសិករហើយប្រសិនបើភ្លៀងរាំងរយ:ពេលមួយសប្តាហ៍ទៅពីរសប្តាហ៍ នៅតំបន់នោះនឹងច្បាស់ជាមានការខូចខាតស្រូវជាពុំខាន។
សំឡេង « ប្រព័ន្ធធារាសាស្ត្រដែលជាបញ្ហាមួយដែលត្រូវផ្សាភ្ជាប់ទៅនឹងការបង្កបង្កើនផល ដែលចាំបាច់ត្រូវមានទឹកអញ្ចឹងគឺប្រព័ន្ធធារាសាស្ត្រដែលអាចស្រោចស្រពនៅក្នុងខេត្តកំពង់ចាមរបស់យើងវាអាចជួយដល់ការងារបង្កបង្កើនបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ »
ឯកឧត្តមបន្តថា ក្រៅពីប្រព័ន្ធធារាសាស្ត្រនេះ ក្នុងខេត្តក៏មានផែនការស្តារព្រែក មានបឹងបួរ សម្រាប់ស្តុកទឹកឲ្យបានច្រើន ដែលបងប្អូនប្រជាពលរដ្ឋរបស់យើងបូមយកទៅប្រើប្រាស់ ផ្គត់ផ្គង់ក្នុងការងារបង្កបង្កើនផលដំណាំរបស់ខ្លួនបាន ។
សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ចាមមានស្ថានីយ៍បូមទឹកធំៗ ជាច្រើនកន្លែងដូចជាស្ថានីយសម្តេចតេជោហ៊ុនសែនទី១៥ នៅក្នុងឃុំសំរោង ស្រុកព្រៃឈរ ស្ថានីយ៍សម្ដេចតេជោហ៊ុនសែនទី៣០ ៣១ ៣២ និង ៣៣ នៅក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ និងស្ថានីយបូមទឹកត្រីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ដែលអាចស្រោចស្រពដីស្រូវប្រាំងបានចំនួនប្រមាណជា ៤៩៩៧៦ហិចតា ហើយនិងស្រូវវស្សាបានចំនួនប្រមាណជា ៥ម៉ឺនហិកតា ៕