អភិបាលខេត្តកំពង់ចាមណែនាំឲ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំការផ្គត់ផ្គង់ទឹកស្អាតឲ្យបានគ្រប់គ្នា

វិទ្យុជាតិកម្ពុជា ៖ដោយ លោកស្រី ទុយ សូលីដា
MC៖ អភិបាលខេត្តកំពង់ចាមបានណែនាំឲ្យប្រជាពលរដ្ឋក្នុងខេត្តដាក់ពាក្យស្នើសុំការផ្គត់ផ្គង់ទឹកស្អាតឲ្យបានគ្រប់ៗគ្នាដើម្បីទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម……
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម នៅ ព្រឹកថ្ងៃទី ០២ ខែ កក្កដា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថា ដើម្បីឈានទៅសម្រេចគោលដៅ នៃយុទ្ធសាស្ត្រជាតិ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋ នៅសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន ១០០% ក្នុងនោះ ខេត្តក៍បានបង្កើនការតភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ទៅតាមតម្រូវការនិងកំពុងតែជំរុញការតភ្ជាប់បន្តទៀត ។ ឯកឧត្តមបន្តថា បច្ចុប្បន្នគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ មានចំនួន ៦៦.១០៨ គ្រួសារ លើ២៧៤.៣០៧ គ្រួសារ ស្មើនិង២៤,១០ភាគរយ នៅទូទាំងខេត្ត ។ដូច្នេះ សូមប្រជាពលរដ្ឋដែលមិនទាន់បានស្នើសុំតបណ្តាញទឹកត្រូវមកដាក់ពាក្យស្នើសុំឱ្យបានគ្រប់ៗគ្នា។
សំឡេង៖ យើងបានផ្ដោតសំខាន់ទៅលើការផ្គត់ផ្គង់ទឹកស្អាត នៅតាមទីជនបទ និងនៅតាមបណ្ដាភូមិឃុំដ៏ទៃទៀត ហើយយើងក៏បានទទួលការស្នើសុំផ្គត់ផ្គង់ទឹកស្អាត ពីសំណាក់សេវាករផ្គត់ផ្គង់ទឹកស្អាតចំនួន១០៧ ឃុំ លើ១០៩ អញ្ចឹងយើងនៅសល់២ឃុំទៀត មិនទាន់មានអ្នកស្នើសុំ ខ្ញុំសុំយកឱកាសនេះដល់បងប្អូនប្រជាពលរដ្ឋ ដែលចង់ស្នើសុំការផ្គត់ផ្គង់ទឹកស្អាត សូមមកដាក់ពាក្យ តាមរយៈមន្ទីរឧស្សាហកម្ម» ។
ឯកឧត្តមបន្ថែមថា ក្នុងខេត្តកំពង់ចាម ភូមិដែលមានបណ្តាញទឹកស្អាតចំនួន ៥៣៣ភូមិ លើ៩១៦ ស្មើនិង៥៤,៧២% និងភូមិដែលពុំទាន់មានបណ្តាញទឹកស្អាត មានទៅដល់ ចំនួន ៣២៣ភូមិ ស្មើនិង៤២,៣៦% ចំនួនដែលនៅសល់ និងបញ្ចប់នៅក្នុងឆ្នាំ២០២១ ។
សូមបញ្ជាក់ថា នៅខេត្តកំពង់ចាមមានស្ថានីយទឹកស្អាត ០១កន្លែង ជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១១.៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលអាចផ្គត់ផ្គង់គ្របដណ្តប់បានចំនួន០១ក្រុង និងស្រុកកំពង់សៀម ស្មើនឹង៨ឃុំ-សង្កាត់ មានចំនួន៧០ភូមិ និងមានប្រជាជនចំនួន១.០១៨គ្រួសារ ស្មើនឹងមនុស្ស ៨៧.១២០នាក់៕