រដ្ឋបាលខេត្តកំពង់ចាមមានកែលម្អសោភ័ណ្ឌភាពជាច្រើនក្នុងទីក្រុង ដើម្បីដណ្តើមផ្ការំដង៣ទង

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖រដ្ឋបាលខេត្តកំពង់ចាម ប្តេជ្ញារៀបចំការកែលម្អសោភ័ណ្ឌភាពក្នុងក្រុង ឲ្យកាន់តែមានភាពទាក់ទាញ ដើម្បីទទួលភ្ញៀវទេចរមកលេងកម្សាន្ត ក៏ដូចជាចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនៅឆ្នាំ២០២១ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានបន្ត ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័នៅក្នុងខេត្ត ដូចជា ជួសជុលកែលម្អផ្លូវថ្នល់ សួនច្បារ ច្រំាងទន្លេ រៀបចំ សណ្តាប់ធ្នាប់សាធារណៈនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀត ដើម្បីធានាឲ្យទីក្រុងនេះ កាន់តែមានភាពទាក់ទាញ និងការរស់នៅប្រកបដោយផាសុខភាព។

ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០២ ខែ កក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្ត កំពុងសាងសង់ផ្លូវ ប្រព័ន្ធលូបង្ហូរទឹកចេញពីក្រុង ការកែលម្អសួនច្បារនានា សាងសង់ច្រាំងទន្លេបេតុងបន្ថែមទៀត ដែលមានប្រវែង១៤៨ម៉ែត្រនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ខណៈដែលកាលពីឆ្នាំ២០១៩ កន្លងទៅមានការរបាក់ស្រុតដីច្រាំងទន្លេ ដែលធ្វើខូចខាតសោភ័ណ្ឌភាពក្នុងទីក្រុង ។

ឯកឧត្តមបន្ថែមថា នៅឆ្នាំ២០២១ខាងមុខ អាជ្ញាធរ នឹងចាប់ផ្តើមរៀបចំសួនច្បារ ដោយបំពាក់នូវ ភ្លើងចំរុះពណ៌ ដាំផ្កាលំអផ្សេងៗទៀត និងត្រូវយករូបសំណាកដំរីមកតាំងឡើងវិញផងដែរ ។
សំឡេង « នៅក្នុងឆ្នាំ២០២១និងរៀបជាចំសួនច្បារឲ្យបានស្អាត ដើម្បីត្រៀមខ្លួននៅក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នៅឆ្នាំបន្តខាងមុខទៀត ឲ្យសាកសមជាក្រុងបេក្ខភាព គឺត្រូវធ្វើយ៉ាងណាឲ្យយើងអាចការពារនៅខ្សែក្រវ៉ាត់នេះបាន ។ បើសិនជាយើងមិនខិតខំអនុវត្តន៍ទេគឺការប្រឡងប្រណាំងទីក្រុងស្អាត នៅក្នុងឆ្នាំបន្ទាប់ខាងមុខនេះ យើងច្បាស់ជាបាត់បង់នូវ ផ្ការំដួលហើយ លែង៣ទងហើយ នូវសល់២រឺក៏១ ទៅតាមអ្វីដែលយើងបានមាននោះ »។
សូមបញ្ចាក់ថា ក្រុងកំពង់ចាម គឺជាក្រុងដែលធ្លាប់ទទួលបានចំណាត់ថ្នាក់ផ្កា ៣ទង ក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត ដែលបានរៀបចំតុបតែងលម្អ ដោយភ្លើងពណ៌ សម្រាប់សោភ័ណ្ឌពេលយប់ ជាការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដើរកម្សាន្ត និងហាត់ប្រាណផងដែរ ៕