កូរ៉េខាងត្បូងនឹងផ្តល់ជំនួយចំនួន ១៣លានដុល្លារអាមេរិក សម្រាប់ជនភៀសខ្លួនស៊ីរីនៅក្នុងឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃពុធ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ ដើម្បីគាំទ្រជនភៀសខ្លួន និងជនចំណាកស្រុកស៊ីរី ចំពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រសួងនេះបាននិយាយថា លោក Ham Sang-wook អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការពហុភាគី និងពិភពលោក បានប្រកាសដូចនេះនៅក្នុងសម័យប្រជុំនិម្មិតមួយ កាលពីល្ងាចថ្ងៃអង្គារ នៃសន្និសីទទីក្រុងប្រ៊ុចសែលលើកទី៤ ស្តីពីការគាំទ្រអនាគតនៃប្រទេសស៊ីរី និងតំបន់ ដែលសហការរៀបចំដោយសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។

ការបរិច្ចាគដែលបានសន្យាធ្វើឡើងនេះ​ គឺដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមដឹកនាំដោយសហរដ្ឋអាមេរិកក្នុងគោលបំណងជំរុញការគាំទ្រជាអន្តរជាតិដល់ជនភៀសខ្លួន និងជនចំណាកស្រុកមកពីប្រទេសស៊ីរី ដែលជាប្រទេសមួយដែលទទួលរងនូវសង្រ្គាមស៊ីវិលដែលកំពុងបន្តកើតមាន។

ការិយាល័យទទួលបន្ទុកជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក បានអំពាវនាវរកថវិកាចំនួន ៣,៣ ប៊ីលានដុល្លារអាមេរិកពីសហគមន៍អន្តរជាតិ ដើម្បីធ្វើជាជំនួយសម្រាប់ប្រទេសស៊ីរី និងប្រទេសជិតខាងដូចជាប្រទេសលីបង់ ហ្ស៊កដានី និង តួកគី សម្រាប់ឆ្នាំនេះ។

នៅក្នុងកិច្ចប្រជុំនោះ លោក Ham បានសន្យាថា ប្រទេសកូរ៉េខាងត្បូងនឹងបន្តចូលរួមក្នុងការជួយប្រទេសស៊ីរីក្នុងការដោះស្រាយវិបត្តិមនុស្សធម៌ ក៏ដូចជាជំងឺរាតត្បាតកូវីដ-១៩ ។

យោងតាមក្រសួងនេះបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១២ មក ប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយមនុស្សធម៌សរុបចំនួន ៧៦,៥លានដុល្លារអាមេរិករួចមកហើយសម្រាប់ប្រទេសស៊ីរី និងប្រទេសជិតខាងទាំង ៣ ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)