ការអនុវត្តផែនការស្តារសេដ្ឋកិច្ចទូទាំងប្រទេសរបស់រុស្ស៊ីចាប់ផ្តើមនៅក្នុងខែកក្កដា

AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០​ — ការអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញនៅទូទាំងប្រទេសរបស់រុស្ស៊ីដែលមានតម្លៃ ៥ទ្រីលានរូប្លិ៍ (៧០,៥ប៊ីលានដុល្លារអាមេរិក) ចាប់ផ្តើមនៅក្នុងខែកក្កដានេះ។

លក្ខណៈសំខាន់ៗនៃផែនការនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។ ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីខែមិថុនា ប្រធានសភាពាណិជ្ជកម្មនៃសហព័ន្ធរុស្ស៊ី លោក Alexei Kudrin បាននិយាយថា ឯកសារនេះមានវិធានការគាំទ្រថ្មីដែលមានទឹកប្រាក់សរុបប្រមាណ ៤៣០ប៊ីលានរូប្លិ៍ (៦,០៤ប៊ីលានដុល្លារអាមេរិក)។ នៅក្នុងថវិកានោះ ទឹកប្រាក់ចំនួន ១៣៣ប៊ីលានរូប្លិ៍ (១,៨ប៊ីលានដុល្លារអាមេរិក) ត្រូវបានបម្រុងទុកសម្រាប់ការចំណាយនៅក្នុងឆ្នាំ ២០២០ និងទឹកប្រាក់ចំនួន ៣០០ប៊ីលានរូប្លិ៍ (៤,២ប៊ីលានដុល្លារអាម៉េរិក) បម្រុងទុកចំណាយនៅក្នុងឆ្នាំ ២០២១ ។

លោក Kudrin បាននិយាយថា «យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ផែនការជាតិដែលត្រូវចំណាយទឹកប្រាក់ចំនួន ៥ទ្រីលានរូប្លិ៍ មានវិធានការណ៍ដែលបានប្រកាសរួចហើយនៅក្នុងកញ្ចប់ថវិកាចំនួន ៣ ។ ទឹកប្រាក់ចំនួន ២,៨ទ្រីលានរូប្លិ៍ ត្រូវបានទុកដោយឡែកសម្រាប់ឆ្នាំ ២០២០ ដោយក្នុងនោះរួមមានទឹកប្រាក់ចំនួន ១៣៣ប៊ីលានរូប្លិ៍ ត្រូវប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍ ដែលមិនត្រូវបានរាប់បញ្ចូលក្នុងកញ្ចប់ថវិកាមុនៗ។ សម្រាប់ឆ្នាំ ២០២១ ពួកគេបានប៉ាន់ប្រមាណនូវទឹកប្រាក់ចំនួន ២,៤ទ្រីលានរូប្លិ៍ ដោយក្នុងនោះរួមទឹកប្រាក់ចំនួន ៣០០ប៊ីលានរូប្លិ៍ ត្រូវប្រើប្រាស់ទៅលើវិធានការថ្មីៗ។

កាលពីថ្ងៃទី២ មិថុនា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានបង្ហាញអំពីផែនការស្តារសេដ្ឋកិច្ចឡើងវិញទូទាំងប្រទេសជូនប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន។ លោក ពូទីន បានស្នើឱ្យយកឯកសារនេះធ្វើជាមូលដ្ឋាន និងបញ្ចប់វានៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីចាប់ផ្តើមការអនុវត្តសកម្មរបស់ខ្លួនចាប់ពីដើមខែកក្កដានេះ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)