រមណីយដ្ឋានឆ្នេរខ្សាច់កោះទ្រង់ខេត្តក្រចេះបន្តអនុវត្តវិធានការការពារជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
Mc៖ រមណីយដ្ឋានឆ្នេរខ្សាច់កោះទ្រង់ខេត្តក្រចេះបន្តអនុវត្តវិធានការការពារជំងឺកូវីដ១៩ ដើម្បីធានាសុវត្ថិភាពនិងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរឱ្យទៅទស្សនាកាន់តែច្រើន។

លោក ប៊ុន បាន ប្រធានសមាគមន៍ទេសចរកោះទ្រង់ បានមានប្រសាសន៍ថា តាមរយៈការអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត ក៏ដូចជាអាជ្ញាធរពាក់ពន្ធ័ជុំវិញខេត្ត គឺបានធ្វើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ មានការទុកចិត្តកាន់តែខ្លាំងឡើង ក្នុងការមកទស្សនាកម្សាន្តនៅតំបន់នេះមិនចេះដាច់ បើទោះបីជានៅក្នុងដំណាក់កាល ដែលពិភពលោកកំពុងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ក៏ដោយ ។
លោកបានបន្តថា កាលពីប៉ុន្មានខែមុនរមណីយដ្ឋានឆ្នេរខ្សាច់កោះទ្រុង ក៏បានផ្អាកការទទួលស្វាគមន៍ភ្ញៀវទេសចរជាបណ្តោះអាសន្ន ដោយសារតែការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ប៉ុន្តែបច្ចុប្បន្នរមណីយដ្ឋាននេះ បានបើកឲ្យដំណើរការជាធម្មតាវិញតែត្រូវចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ។
សំឡេង ៖ ក្នុងអំឡុងពេលកើតមានជំងឺ covid-19 ចាប់ពីខែដើម២ដល់ចុងខែបីនេះ គឺយើងបានឱ្យផ្អាកបណ្ដោះអាសន្ន ជាពិសេសគឺខាងកោះទ្រង់យើងខ្ញុំនេះ ទើបតែបានចាប់ផ្ដើមបើកវិញនៅក្នុងចុងខែ៥ នេះទេ ដោយសារយើងមានការណែនាំពីមន្ទីរទេសចរណ៍ខេត្ត គឺមិនបាច់បិទទេ តែយើងក៏មិនបានបើកចំហដោយទូលំទូលាយប៉ុន្មានដែរ គឺយើងក៏ត្រូវមានការស្វាគមន៍ដើម្បីចៀសវាងនូវការប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលគាត់រកទទួលទានតាមរយៈទេសចរណ៍នេះ ហើយយើងចាប់ផ្ដើមដំណើរការធម្មតាវិញចាប់ពីចុងខែ៥ រហូតមកដល់បច្ចុប្បន្ននេះ ដោយរាល់ការប្រុងប្រយ័ត្នរបស់យើង គឺមានការណែនាំពីមន្ទីរទេសចរណ៍ក៏ដូចជាមន្ត្រីពាក់ព័ន្ធផ្សេងៗនៅក្នុងសហគមន៍ ក៏ដូចជាខេត្តទាំងមូល។
សូមបញ្ជាក់ថា រមណីយដ្ឋានឆ្នេរខ្សាច់កោះទ្រង់ ស្ថិតនៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ដែលជាកោះមួយស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិច មានចំងាយប្រមាណជា១គីឡូម៉ែត ដែលភ្ញៀវទេសចរនិយមទៅលេងកម្សាន្ត ដោយមានក្រូចថ្លុងឆ្ងាញ់ពិសារ ងូតទឹកលេងកម្សាន្តជាមួយនឹងវាលខ្សាច់សក្បុស ជិះកង់ រទេះសេះ រទេះគោ ទស្សនាទិដ្ឋភាពក្នុងភូមិ ចម្ការក្រូចថ្លុង និងស្នាក់នៅផ្ទះសហគមន៍ដើម្បីស្វែងយល់ពីជីវិតរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់នោះ៕