មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺក្រើនរំលឹកដល់ម្ចាស់អាជីវកម្មបន្តអនុវត្ត អនាម័យដើម្បីបញ្ជៀសពីជំងឺឆ្លងផ្សេងៗ

វិទ្យុជាតិកម្ពុជា៖ហាន់ ស្រីណា .០១.០៧.២០


MC: មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម សេវាករម្មទេសចរណ៍ទាំងអស់ បន្តចូលរួមអនុវត្តវិធានការសុវត្ថិភាពអនាម័យដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេស ជំងឺ covid-១៩ ធ្វើយ៉ាងណារក្សាបាននូវទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរ ដែលមកកម្សាន្ត នៅខេត្តកំពង់ស្ពឺ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៏……………
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មន្ទីរនៅតែបន្តជំរុញការផ្សព្វផ្សាយអំពីវិធីការ ការពារជំងឺរាតត្បាតផ្សេងៗ ពិសេសការយល់ដឹង ពីវីធីការពារ ជំងឺកូវីដ-១៩ នៅក្នុងតំបន់កំពុងតែមានភ្ញៀវមកកម្សាន្តច្រើន ដូចជា ខ្នងភ្នំឪរ៉ាល់ ខ្នងភ្នំផ្សារ តំបន់ទឹកធ្លាក់និង តំបន់អេកូទេសចរណ៍ជាច្រើនកន្លែងទៀត។លោកបន្តថា ក្រៅពីបិទខិតប័ណ្ណអប់រំពាក់ពន្ធ័និងការធ្វើអនាម័យ មន្រ្តីជំនាញក៏បានចុះផ្សព្វផ្សាយដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់អាជីវកម្ម សេវាករម្មទេសចរណ៍ ឲ្យទម្លាប់ធ្វើអនាម័យជុំវិញភោជនីយដ្ឋានខ្លួនជាប្រចំា ព្រមទាំងលាងដៃអោយបានស្អាតជានិច្ច និងត្រូវពាក់ម៉ាសឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានាថាខេត្តកំពង់ស្ពឺទាំងមូល នៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
លោកបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្តបានរៀបចំក្រុមការងារជាពីរក្រុម ដើម្បីងាយស្រួលក្នុងការពង្រឹងគុណភាព និងទំនុកចិត្ត សម្រាប់ភ្ញៀវទេសចរគ្រប់មជ្ឃដ្ឋាន ដែលមកកម្សាន្តប្រកបដោយសុវត្ថិភាព ។
សំឡេង៖ នៅក្នុងនោះ មន្ទីរបានខិតខំណែនាំដល់គ្រប់អាជីវកម្មទេសចរណ៍ទាំងអស់នៅក្នុងខេត្តត្រូវតែមានទឹកអាកុលលាងដៃពាក់ម៉ាសដើម្បីទប់ស្កាត់ការពារជំងឺ covid-19 ទាំងអស់គ្នា។ក្រៅពីនោះមន្ទីរក៏បានចែកក្រុមការងារជាពីរក្រុមដើម្បីចុះពង្រឹងនិងបញ្ហាcovid 19 នេះផងដែរ។ហើយការងារកន្លងមកនេះគឺយើងទទួលបានជោគជ័យច្រើន។
សូមបញ្ជាក់ថា ថ្មីៗនេះ ក្រសួងទេសចរណ៍ ក៏បានណែនាំ ដល់ម្ចាស់អាជីវកម្មទាំង៦ ឲ្យចូលរួម ការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍របស់ខ្លួន ហើយត្រូវតែអនុវត្ត ឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានដាក់ចេញ៕