មន្ត្រីបង្ក្រាបការក្លែងបន្លំខេត្តស្ទឹងត្រែងបង្ក្រាបទីតាំងវេចខ្ចប់អំបិលក្លែងបន្លំកម្មសិទ្ធបញ្ញា

ស្ទឹងត្រែងគឹមហឿន (០២ /០៧/ ២០២០ )


MC៖ មន្ត្រីបង្ក្រាបការក្លែងបន្លំ(ហៅកាត់ថា.ក .ប.ប)ខេត្តស្ទឹងត្រែងសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានចុះពិនិត្យទីតាំងវេចខ្ចប់អំបិលក្លែងបន្លំ(អំបិលអ៊ីយ៉ូដ) នៅភូមិរាជានុកូលសង្កាត់ ក្រុងខេត្តស្ទឹងត្រែងនិងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ ការវេចខ្ចប់មានភាពកេងប្រវ័ញ្ញបែបនេះតទៅទៀត។
ក្នុងឱកាសចុះធ្វើពិសោធន៍អំបិលជាតិអ៊ីយ៉ូត នៅទីតាំងផ្ទះវេចខ្ចប់អំបិលនៅភូមិរាជានុកូលថ្ងៃទី០២កក្កដានេះលោក គឹមប្រុស ប្រធានសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តបានបញ្ជាក់ថា៖នៅផ្ទះលោកម៉ៅនាថភេទប្រុស នៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងជាកន្លែងវេចខ្ចប់អំបិលក្លែងបន្លំ ដោយអ្នកវេចខ្ចប់នេះបានយកស្លាកសញ្ញារូបឡូហ្គូ (ផែនដីនិងព្រាប) ដែលមានឈ្មោះថា ( លីលីដា) អំបិលអ៊ីយ៉ូដ មានយីហោភ្នំពេញផង-សៀមរាបផង -ស្ទឹងត្រែងផង ច្រកអំបិលក្រាប់ ក្លែងបន្លំថាមានជាតិអំបិលអ៊ីយ៉ូដ។
លោកបន្តថា៖ការធ្វើបែបនេះគីផ្ទុយទៅនិងច្បាប់កម្មសិទ្ធបញ្ញា ហើយចំណីអាហារទៀតសោត គ្មានគុណភាព(អំបិលគ្រាប់នេះគ្មានជាតិអ៊ីយ៉ូដ)ហើយមន្ត្រីជំនាញបានឱ្យម្ចាស់វេចខ្ចប់នេះ ធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ ករណីបើមានលើកក្រោយៗទៀតត្រូវផាក់ពិន័យតាមច្បាប់សុវត្ថិភាពចំណីអាហារ។
លោកម៉ៅនាថ ម្ចាស់វេចខ្ចប់អំបិលនេះ បានទទួលស្គាល់ថា៖គាត់បានវេចខ្ចប់បែបនេះមែន ព្រោះអំបិលគ្រាប់នេះមានតែជាង២០០គីឡូក្រាមតែប៉ុណ្ណោះ ចំណែកអំបិលម៉ត់មានច្រើនតោនហើយមានជាតិអ៊ីយ៉ូតត្រឹមត្រូវ ។
លោកថា៖ចំពោះអំបិលដែលទិញយកមកនេះពួកគាត់ក៍មិនបានដឹងឬចេះមើលថាមាន(ជាតិអ៊ីយ៉ូដឬមិនមាននោះទេ) ដោយជឿតែអ្នកផលិតនាំយកមកលក់ដែរ។ ហើយតាមការធ្វើពិសោធន៍ជាក់ស្តែងនេះ លោកនិងធ្វើការកែប្រែតាមការណែនាំរបស់មន្ត្រីជំនាញ ចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់គុណភាពចំណីអាហារ ដើម្បីសុខភាពអ្នកប្រើប្រាស់។
សូមបញ្ជាក់ថា៖មន្ត្រីសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តបានព្រមានដែរថាបើម្ចាស់មិនកែប្រែលើកក្រោយពិនិត្យឃើញមានភាពមិនប្រក្រតីនិងផាកពិន័យតាមច្បាប់។