រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០២ ខែ​កក្កដា ឆ្នាំ​២០២០–

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ដែលបានប្រារព្ធទ្បើងនៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញ កាលពីថ្ងៃនៅថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការអបអរសាទរ និងការជូនពរដ៏កក់ក្តៅបំផុត ដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និង​បាន​គូសបញ្ជាក់ថា ទិវានេះពិតជាឱកាសដ៏វិសេសវិសាលមួយ ដោយហេតុថាការប្រារព្ធខួបលើកទី២៤៤ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ក៏ជាការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈលទ្ធផលជាផ្លែផ្កា រាប់បញ្ចូលទាំងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជំនួយបោសសម្អាតមីន ក៏ដូចជាកម្មវិធីរវាងប្រជាជន និងប្រជាជន ជាដើម។ តួយ៉ាងថ្មីៗនេះការសុំចូលចតរបស់នាវាទេសចរណ៍ Wester dam នៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពិតជាផ្សាភ្ជាប់ដួងចិត្តរបស់ប្រជាជនយើងទាំងពីរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមទៀត អំពីការដាក់ចេញនូវប្រធានបទចំនួន១២ផ្សេងគ្នានៃវិភាគទានរបស់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដែលធ្វើទ្បើងក្នុងពេលប្រារព្ធខួបលើកទី៧០ជាផ្លូវការនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តីបាន​មាន​ប្រសាសន៍លើកឡើងអំពីសមិទ្ធផលជាទីពេញចិត្ត ដែលប្រទេសទាំងពីរបានសហការគ្នាធ្វើនាពេលថ្មីៗនេះ ដូចជា៖ ការភ្ជាប់ចំណងរវាងប្រទេសយើងទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្អែកលើការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងការគោរពគ្នា ក៏ដូចជាបន្តពង្រឹងថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ។ កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលមានគោលបំណងពង្រឹង និងបង្កើនដំណើរផ្លាស់ប្តូរទស្សនកិច្ចនៃសមាជិកសមាជិកាសភា និងបុគ្គលិកសភាអាម៉េរិក និងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សេងទៀតមកកម្ពុជា សំដៅឱ្យយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ និងសង្គម នៃប្រទេសកម្ពុជា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារ USAID នៅឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន ៥៦លានដុល្លារអាម៉េរិក សម្រាប់គាំទ្រ វិស័យសុខាភិបាល ការអប់រំ កសិកម្ម និងបរិស្ថាន។

ឯកឧត្តមបាន​មានប្រសាសន៍បន្ថែមទៀតថា ពាក់ព័ន្ធនឹង​ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំពាណិជ្ជកម្មសរុបបានកើនឡើងក្នុង ៣៧ភាគរយ ក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានតម្លៃប្រមាណពីជាង ៤ពាន់លានដុល្លារអាម៉េរិកដល់ ៥,៨ពាន់លានដុល្លារអាម៉េរិក។ ឯកឧត្តមបាន​ថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលគិតជាទឹកប្រាក់ចំនួន ១១លានដុល្លារអាម៉េរិក ក្នុងការជួយកម្ពុជាដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសុខភាពរបស់ប្រជាជនកម្ពុជា ៕ ដោយ ទេស ច័ន្ទសុធារី