អ្នកជំនាញធនធានជលផលអំពាវនាវឱ្យមានវិធានការបន្ទាន់ចំពោះការជួញដូរប្រភេទត្រីកម្រ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០២ ០៧ ២០២០


MC: រដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF អំពាវនាវសុំឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការជាបន្ទាន់លើការពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងតឹងរឹងបំផុតចំពោះរាល់ការនេសាទ និងការជួញដូរប្រភេទត្រីជិតផុតពូជដែលកំពុងកើតឡើងនៅក្នុងតំបន់តាមបណ្តោយដងទន្លេមេគង្គ។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីការសិក្សាវាយតម្លៃបឋមមួយ បានបង្ហាញថា ត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីខ្លា ត្រីក្របី ត្រីត្រចៀកដំរី និងបបែលយក្សទឹកសាប ក្នុងចំណោមត្រីចំនួន ៣៥ប្រភេទ ដែលត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជជាសកល និងកំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា កំពុងត្រូវបានគេដាក់លក់នៅតាមទីផ្សារត្រីក្នុងប្រទេសកម្ពុជា និងត្រូវបានគេនាំចេញទៅលក់នៅប្រទេសជិតខាងមួយចំនួនទៀតផង។
ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន រដ្ឋបាលជលផល មានប្រសាសន៍ថា អ្នកនេសាទត្រី អ្នកទិញត្រី និងឈ្មួញកណ្តាល មិនសូវយល់ដឹងអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងកិច្ចការពារ និងការគ្រប់គ្រងធនធានជលផលទេ ជាពិសេសប្រភេទជលផលកំពុងទទួលរងការគំរាមកំហែង។
ថ្លែងក្នុងឱកាសទិវាមច្ឆជាតិលើកទី២០ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បង្កើនការអប់រំ និងផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជានេសាទ និងសហគមន៍មូលដ្ឋានដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងកិច្ចការចូលរួមការពារ និងថែរក្សាធនធានជលផលកម្ពុជាកុំឱ្យបាត់បង់ ហើយលើកទឹកចិត្តប្រជាជនឱ្យចាប់យកជម្រើសមុខរបរផ្សេងទៀតបន្ថែមពីលើការនេសាទ។
ដូចគ្នានេះ លោក សេង ទៀក នាយកអង្គការ WWF អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការរឹតបន្តឹងលើការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត និងបង្កើនយន្តការត្រួតពិនិត្យជាប្រចាំនៅតាមបណ្តាទីផ្សារ និងដេប៉ូទិញ-លក់ត្រី ព្រមទាំងដាក់ពិន័យឱ្យបានធ្ងន់ធ្ងរបំផុតដល់ជនល្មើសទាំងឡាយណា ដែលធ្វើសកម្មភាពនេសាទនៅក្នុងតំបន់ហាមឃាត់ និងធ្វើពាណិជ្ចកម្មប្រភេទត្រីជិតផុតពូជនិងត្រីមេពូជក្នុងប្រទេសកម្ពុជា។
របាយការណ៍ស្តីពីការពង្រឹងការអនុវត្តច្បាប់ដោយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង មន្រ្តីឆ្មាំទន្លេ និងអង្គការ WWF បានបង្ហាញថា មានការកើនឡើងនូវសកម្មភាពនេសាទនៅក្នុងដែនអភិរក្សដែលច្បាប់បានហាមឃាត់មិនឱ្យមានការប្រើប្រាស់ឧបករណ៍នេសាទដូចជា៖ សំណាញ់ មងបណ្តែត មងកាំង សន្ទួចរនង ឧបករណ៍ឆក់ និងថ្នាំបំពុល៕