អាជ្ញាធរខេត្តស្ទឹងត្រែងរួមនិងខណ្ឌរដ្ឋបាលជលផលសហការជាមួយអង្គការដៃគូរួមគ្នាគ្រប់គ្រងធនធានជលផលឲ្យមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា​៖​ គឹមហឿនស្ទឹងត្រែង ០១/០៧/ ២០១៨


M.C អាជ្ញាធរខេត្តស្ទឹងត្រែងរួមនិងខណ្ឌរដ្ឋបាលជលផលសហការជាមួយអង្គការដៃគូរួមគ្នាគ្រប់គ្រងធនធានជលផលឲ្យមានប្រសិទ្ធភាព ដើម្បីការពូជត្រីសំខាន់ៗ មួយចំនួនដែលប្រឈមនិងការផុតពូជពីកត្តាមនុស្សជា ពិសេសត្រីប៉ាសេអ៊ីដែលមានឈ្មោះល្បីនៅភាគឦសាន្ត។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
លោកដួងពៅអភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៏ថា៖បងប្អូនជនជាតិដើមភាគតិច ក៍ដូចប្រជាពលរដ្ឋផ្សេងទៀត ត្រូវគិតថាធនធានជលផលជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា។
លោកបន្តថា៖ប្រការនេះចូលបងប្អូនដែលកំពុងអាស្រ័យផល ពីធនធានទាំងនេះត្រូវជួយគ្នាក្នុងការអភិរក្សធ្វើយ៉ាងណាការពារធនធានធម្មជាតិរបស់យើង ជាពិសេសពូជត្រីសំខាន់ៗនៅតាមដងទន្លេឲ្យនៅគង់វង្សនិងសំបូរបែបឡើងវិញសម្រាប់បំពេញសេចក្តីត្រូវការរបស់យើងតែប៉ុណ្ណោះ។
លោកទំនីរ៉ូនាយខណ្ឌ័រដ្ឋបាលជលផលស្ទឹងត្រែងបានទទួលស្គាល់ថា៖បច្ចុប្បន្នធនធានជលផលពិតជាមានប្រយោជន៍សម្រាប់ពលរដ្ឋគ្រប់រូប ខ្លះបានទាញយកផលនេសាទទាំងនោះទៅធ្វើអាជីវកម្មក៍មានដែរ។ លោកបន្តថា៖ប្រយោជន៍នេះសូមឱ្យប្រជាសហគមន៍ ក៍ដូចជាបងប្អូនជនជាតិដើមភាគតិចក្តី ប្រសិនបើឃើញមានករណីបទល្មើសប្រភេទណាក៍ដោយ ត្រូវហ៊ានរាយការមកសមត្ថកិច្ចឱ្យបានឆាប់ ដើម្បីបង្កើនកិច្ចការងារបង្ក្រាបឲ្យបកាន់តែបានទ្វេរឡើង ក្នុងការការពារផលប្រយោជន៍ទាំងអស់គ្នា។
លោកប៉ោណារិទ្ធនាយកប្រតិបត្តិអង្គការភូមិខ្ញុំបានគាំទ្រចំពោះយុទ្ធសាស្ត្រនេះព្រោះនៅពេលបទល្មើសថយចុះ មច្ឆជាតិក៍ថែរក្សាបានមិនបាត់បង់ ហើយអង្គការភូមិខ្ញុំនៅបន្តគាំទ្រការអភិរក្សធនធានធម្មជាតិទាំងនោះតទៅទៀត ។
លោកបន្ថែមថា៖ប្រសើរជាងនេះទៀតអាជ្ញាធរមូលដ្ឋានត្រូវបន្តការផ្សព្វផ្សាយច្បាប់ជលផលបន្ថែមនឹងជួយបង្កើតមុខរបរជូនប្រជាពលរដ្ឋយើង ដែលធ្លាប់តែពឹងផ្អែកលើធនធានជលផល ឲ្យងាកទៅដាំបន្លែបង្កានឹងដាំណាំកសិកម្មជំនួសវិញ។
លោកស្រី សាំងឡាញ់ ប្រជាសហគមន៍នេសាទឃុំក្បាលរមាស ស្រុកសេសាន បានបញ្ជាក់ថា៖ការងារនេះសហគមន៍បានធ្វើជាប្រចាំហើយ គ្រាន់តែនៅតាមសហគមន៍មួយចំនួនពុំមានលទ្ធភាព ធ្វើទៅបានឆ្លើយតបតាមការចង់បាននោះទេ។លោកស្រីទទួលស្គាល់ថា៖បទល្មើសនេសាទពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានមច្ឆជាតិនោះគឺជនសង្ស័យប្រើឧបករណ៏ឆក់ត្រជាក់-ឆក់ក្តៅ-បោកគ្រាប់បែក-និងប្រើថ្នាំបំពុលជាដើម ទៅតាមអន្លង់អភិរក្សធ្វើឲ្យហិនហោចពពួកត្រី។

សូមបញ្ជាក់ថា ៖នៅតាមដងទន្លេមេគង្គប៉ែកខាងលើ មានពូជត្រីសំខាន់រស់នៅ រួមមាន៖ ត្រីប៉ាសេអ៊ី -ត្រីប៉ាវ៉ា -ត្រីក្រាយ- ត្រីក្រាយក្របី -ត្រីត្រម៉ម -ត្រីត្រជៀកដំរី- ត្រីនាគ -ត្រីបោះត្រា-ត្រីស្រោមដាវ -ត្រីក្លាំងហាយ-ត្រីខ្លា- ត្រីរមាស- ត្រីអំបូង- ត្រីខ្សា- ត្រីស្ទក់- ត្រីត្រសក់-ត្រីបបែលយក្ស-នឹងត្រីផ្សោត ។ល។ បច្ចុប្បន្នកំពុងប្រឈមទៅនឹងការផុតពូជ៕