មន្ត្រីអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកអំពាវនាវឱ្យបន្តការហាមឃាត់អាវុធរបស់ អង្គការសហប្រជាជាតិទៅលើប្រទេសអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០​ — មន្ត្រីអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្តការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិទៅលើប្រទេសអ៊ីរ៉ង់ ដោយព្រមានថា ការផុតកំណត់នៃការហាមឃាត់នេះនឹងអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់ធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក Adel Al-Jubeir និងតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ីរ៉ង់ លោក Brian Hook បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុង Riyadh ជាទីដែលអាវុធរួមទាំងយន្តហោះគ្មានមនុស្សបើក នឹងគ្រាប់មីស៊ីលដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ Houthi ទៅលើបណ្តាទីក្រុងមួយចំនួនរបស់អារ៉ាប៊ីសាអូឌីតកាលពីពេលថ្មីៗនេះ។

លោក Al-Jubeir បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងពិគ្រោះយោបល់ជាមួយប្រទេសទាំងអស់អំពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីគ្រោះថ្នាក់នៃការអនុញ្ញាតឱ្យមានការផុតកំណត់នៃការហាមឃាត់អាវុធទៅលើប្រទេសអ៊ីរ៉ង់។

លោក Hook បានព្រមានថា ប្រសិនបើការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិប្រឆាំងនឹង អ៊ីរ៉ង់ត្រូវបានដកចេញ អ៊ីរ៉ង់នឹងអាចអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួនបន្ថែមទៀត និងទទួលបាននូវបច្ចេកវិទ្យារសើបថ្មីៗ និងអាចនាំចេញបាននៅក្នុងតំបន់។

លោក Hook បាននិយាយបន្ថែមថា «អាវុធដែលយើងបានឃើញនៅថ្ងៃនេះ គឺជាភ័ស្ដុតាងទាំងអស់ដែលដែលបញ្ជាក់ថា ការហាមឃាត់អាវុធទៅលើប្រទេសអ៊ីរ៉ង់មិនអាចត្រូវបានដកនោះទេ»។ លោកបានដោយគូសបញ្ជាក់ថា អ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។

លោក Hook បានទៅដល់ទីក្រុង Riyadh បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស អារ៉ាប់រួមអេមីរ៉ាត (UAE) ដែលនៅទីនោះលោកបានពិភាក្សាជាមួយមន្រ្តីអារ៉ាប់រួមអំពីការពង្រីកការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិទៅលើប្រទេសអ៊ីរ៉ង់ ដែលនឹងផុតកំណត់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ៕

(ប្រភព Xinhua បកប្រែដោយលោក យា ចិន្តាខន្តី)